ប្រើដុំថ្មគប់គំរាមប្លន់យកម៉ូតូបានសម្រេច,តែរត់មិនបានសម្រេច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសខណ្ឌច្បារអំពៅឃាត់ខ្លួន ខណៈបានធ្វើសកម្មភាពប្រើដុំថ្មគប់គំរាមប្លន់យកម៉ូតូ នៅចំណុចវត្តកំសាន្ត ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៨ មីនា ឆ្នាំ២០២១ ម៉ោង៧ និង៣០នាទីយប់មិញ។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ែន ប៊ុនលី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅផ្ទះលេខ១២៥ ផ្លូវលំ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ចំណែកជនសង្ស័យឈ្មោះ សួន បញ្ញារិទ្ធ (ហៅលុច) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1CX-​9947 មកអង្គុយលេងនៅចំណុចកើតហេតុ, ស្រាប់តែជនសង្ស័យជាមនុស្សញៀនគ្រឿងញៀនបានយកដុំថ្មគប់គំរាមជនរងគ្រោះ។

ពេលនោះជនរងគ្រោះ​ និងមិត្តភក្តិភ័យនាំគ្នារត់គេចចេញ រួចជនសង្ស័យក៏យកម៉ូតូជនរងគ្រោះបញ្ឆេះ ជិះគេចខ្លួនមកដល់ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក៏ត្រូវបានប៉ូលិសឃាត់ខ្លួន រួមនិងវត្ថុតាងម៉ូតូខាងលើ បញ្ចូនមកអធិការដ្ឋានខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់តែម្តង៕

-->
adverise with khmeread