ឃាត់ជនបរទេស៤នាក់ស្នាក់នៅស្រុកខ្មែរខុសច្បាប់ឱ្យធ្វើចត្តាឡីស័ករួចចាត់ការបន្ត

ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមីនា ​ឆ្នាំ២០២១ វេលាម៉ោង១១ និង២០នាទីបានសហការជាមួយ​កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលបឹងធំ ខណ្ឌកំបូល​ បានអនុវត្តច្បាប់​លើ​ជនបរទេស៤នាក់ (ស្រីម្នាក់) ពីបទលួចចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។

សមត្ថកិច្ចនិយាយថា ជនបរទេស៤នាក់រួមមាន ទៅ១-ឈ្មោះ NGUYEN VAN VAU ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក គឺលើកទី១ នៅឆ្នាំ២០១៩ តាមច្រកចក្រី ធ្វើការនៅក្រុមហ៊ុនសំណង់សាមគ្គី និងលើកទី២នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ។

ទី២-ឈ្មោះ NGUYEN PHUONG TRUNG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក គឺលើកទី១ នៅថ្ងៃទី១៥.០១.២០២០ តាមច្រកព្រែកចាក ធ្វើការនៅក្រុមហ៊ុនសំណង់សាមគ្គី និងលើកទី២ នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ។

ទី៣-ឈ្មោះ DO HUU TOI ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ។

ទី៤-ឈ្មោះ NGUYEN THI DUNG ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិវៀតណាម (គ្មានលិខិតឆ្លងដែន) ចូលមកព្រះរាជាណាចក្រកម្ពុជា ចំនួន០២លើក គឺលើកទី១ នៅថ្ងៃទី១៥.០១.២០២០ តាមច្រកព្រែកចាក ធ្វើការនក្រុមហ៊ុនសំណង់សាមគ្គី និងលើកទី២ នៅថ្ងៃទី១៩.០២.២០២១ លួចចូលតាមច្រករបៀងពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា (ជ្រៃធំ ខេត្តកណ្ដាល) គោលបំណងស្វែងរកការងារធ្វើ។

ប៉ូលិសបន្តថា នៅថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ ពួកគេបានធ្វើដំណើរពីប្រទេសវៀតណាម មកដល់ប្រទេសកម្ពុជា ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិបឹងធំទី២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ លុះនៅព្រឹកថ្ងៃទី២១ កុម្ភៈ ឆ្នាំ២០២១ ត្រូវបានប៉ូលិសប៉ុស្ដិ៍បឹងធំ និងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បាននាំពួកគេទាំង៤នាក់យកទៅធ្វើចត្វាឡឺស័ក នៅមណ្ឌសុខភាពចាក់អង្រែ រហូតដល់ថ្ងៃទី០៨ មីនា ២០២១ ជាលទ្ធផលអវិជ្ជមានមេរោគកូវីដ-១៩។

បច្ចុប្បន្ន​ជនជាតិ​វៀតណាម​ខាង​លើ​ កំពុងរក្សាទុក​នៅ​ប៉ុស្តិ៍​​រដ្ឋបាល​បឹង​ធំ​ ខណ្ឌកំបូល​ ដើម្បីសាក​សួរ​ និង​អនុវត្ត​នីតិវិធី​បន្ត​៕

-->
adverise with khmeread