ដូនជីកាតូលិកភូមាអង្វរយោធាសុំទុកជីវិតឱ្យ "ក្មេងៗ" ហើយយកជីវិតគាត់ជំនួស

លុតជង្គង់នៅចំពោះមុខកម្លាំងសន្តិសុខនៅលើផ្លូវលំក្នុងទីក្រុងមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា ដូនជីឈ្មោះ Ann Rose Nu Tawng បានអង្វរក្រុមប៉ូលិសប្រដាប់អាវុធឱ្យទុកជីវិតឱ្យ "ក្មេងៗ" ហើយយកជីវិតរបស់គាត់ជំនួសវិញ។

រូបភាពនៃដូនជីកាតូលិកក្នុងឈុតសសាមញ្ញត្រដាងសុំអង្វរដល់កងកម្លាំងនៃរបបយោធាថ្មីរបស់ប្រទេសនេះខណៈពួកគេត្រៀមបង្ក្រាបការតវ៉ា បានល្បីពេញអ៊ីនធឺណេតនិងទទួលបានការសរសើរនៅក្នុងប្រទេសដែលកាន់ព្រះពុទ្ធសាសនាភាគច្រើននេះ។

ដូនជីបានប្រាប់ទីភ្នាក់ងារ AFP កាលពីថ្ងៃអង្គារ (ថ្ងៃទី ៩ ខែមីនា) ថា "ខ្ញុំបានលុតជង្គង់សុំអង្វរពួកគេកុំឱ្យបាញ់សម្លាប់និងធ្វើទារុណកម្មក្មេងៗ ប៉ុន្តែសូមបាញ់សម្លាប់ខ្ញុំជំនួសទៅចុះ"។

សកម្មភាពដ៏ក្លាហានរបស់ដូនជីនៅទីក្រុង Myitkyina កាលពីថ្ងៃចន្ទបានកើតឡើង ខណៈមីយ៉ាន់ម៉ាកំពុងតស៊ូដោះស្រាយជាមួយនឹងភាពវឹកវរ បន្ទាប់ពីការបណ្តេញមេដឹកនាំអ៊ុងសានស៊ូជីក្នុងរដ្ឋប្រហារយោធាកាលពីថ្ងៃទី ១ ខែកុម្ភៈ។

ខណៈការតវ៉ាទាមទារប្រគល់លទ្ធិប្រជាធិបតេយ្យត្រឡប់មកវិញកាន់តែពុះកញ្ជ្រោល យោធាបានបង្កើនការប្រើកម្លាំងបាយ ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក កាណុងបាញ់ទឹក កាំភ្លើងជ័រ និង គ្រាប់កាំភ្លើងពិត៕ ប្រភព ៖ CNA

-->
adverise with khmeread