មន្ត្រីទីពីរមកពីគណបក្សរបស់លោកស្រីស៊ូជីស្លាប់ក្នុងមន្ទីរឃុំឃាំង ខណៈការតវ៉ានៅតែបន្តទូទាំងប្រទេសមីយ៉ាន់ម៉ា

អតីតសមាជិកសភាម្នាក់និយាយថា មន្រ្តីម្នាក់មកពីគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) របស់លោកស្រីអ៊ុងសានស៊ូជីបានស្លាប់នៅក្នុងមន្ទីរឃុំឃាំងបន្ទាប់ពីគាត់ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃអង្គារ (៩ មីនា) ។

លោក Ba Myo Thein ជាតំណាងរាស្ត្រនៃសភាជាន់ខ្ពស់ដែលត្រូវបានរំលាយហើយនោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា មន្រ្តីគណបក្ស NLD លោក Zaw Myat Linn ត្រូវបានចាប់ខ្លួននៅប្រហែលម៉ោង ១៖៣០ ព្រឹក។ គាត់គឺជាមន្រ្តីទី ២ មកពី NLD ដែលបានស្លាប់ក្នុងការឃុំឃាំង។

លោកនិយាយថា "ពេលនេះសាច់ញាតិកំពុងព្យាយាមយកសាកសពនៅមន្ទីរពេទ្យយោធា"។

បាតុកម្មប្រឆាំងនឹងរបបយោធាកាលពីថ្ងៃអង្គារត្រូវបានកងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបង្ក្រាបភ្លាមៗបន្ទាប់ពីសកម្មជនវ័យក្មេងរាប់រយនាក់ដែលបានជាប់អស់មួយយប់នៅសង្កាត់មួយក្នុងទីក្រុងយ៉ាំងហ្គោន អាចលបចេញរួច។

មហាអំណាចលោកខាងលិចនិងអង្គការសហប្រជាជាតិបានអំពាវនាវដល់មេដឹកនាំយោធាមីយ៉ាន់ម៉ាឱ្យអនុញ្ញាតឱ្យយុវជនទាំងនោះចាកចេញ បន្ទាប់ពីមានការបារម្ភចំពោះសុវត្ថិភាពរបស់ពួកគេ នៅពេលកងទ័ពចូលមកក្នុងបំណងបង្ក្រាប។ 

ក្រុមអ្នកតស៊ូមតិបាននិយាយថាក្រុមបាតុករជាង ៦០ នាក់ត្រូវបានសម្លាប់និងជាង ១.៨០០ នាក់ត្រូវបានឃុំខ្លួន៕ ប្រភព ៖ CNA

-->
adverise with khmeread