បង្ហាញមុខជនសង្ស័យ៦នាក់ពាក់ព័ន្ធគ្រឿងញៀននិងប្រើកាំភ្លើងខុសច្បាប់

ពោធិ៍សាត់ ៖ ជនសង្ស័យ៦នាក់ត្រូវបានកម្លាំងប៉ូលិសស្រុកភ្នំក្រវាញបង្ហាញមុខនាថ្ងៃទី៩ មីនា ឆ្នាំ២០២១ ​បន្ទាប់ពីបានបង្រ្កាប និងឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់កាំភ្លើងដោយខុសច្បាប់ កាលពីថ្ងៃទី ០៧ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១ និង១០នាទីរសៀលកន្លងទៅ នៅចំណុចមល់ចាស់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការប៉ូលិសស្រុកភ្នំក្រវាញ បានឱ្យដឹងថា កម្លាំងប៉ូលិសជំនាញប្រឆាំងគ្រឿងញៀនស្រុកភ្នំក្រវាញ សហការជាជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសន្ទ្រែ ដឹកនាំដោយលោកផ្ទាល់ បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់កាំភ្លើងដោយខុសច្បាប់ស្ថិតក្នុងភូមិសាស្ត្រខាងលើ ដោយបានឃាត់ខ្លួនជនសង្ស័យ៦នាក់រួមមាន ១-ឈ្មោះ ជឿន តូ ភេទប្រុស អាយុ ២៧ ឆ្នាំ​ រស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ, ២-ឈ្មោះ កាន រ៉ន ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ, ៣-ឈ្មោះ ហុន តូច ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ, ៤-ឈ្មោះ ហុន ង៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែស្រុកភ្នំក្រវាញ, ៥-ឈ្មោះ ឆេន រិទ្ធី ភេទប្រុស អាយុ ៣៣ ឆ្នាំ រស់នៅភូមិក្សេត្របូរី ឃុំសន្រ្ទែ ស្រុកភ្នំក្រវាញ (មាន កាំភ្លើង០២ដើមម៉ាកM១៦ (ចាស់) ០១ ដើម បង់កាំភ្លើងចំនួន០២ និងគ្រាប់ចំនួន២០គ្រាប់និងកាំភ្លើងកែច្នៃ (ស្នប់)ចំនួន ០១ ដើម) និង៦-ឈ្មោះ មឿន វិច្ឆិកា ហៅម៉ូ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។

​វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០៥ កញ្ចប់ (ធំ០៤.តូច០១)ទម្ងន់ ២៣.៥១ ក្រាម, ប្រដាប់ជក់ចំនួន ០១កំប្លេ, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១, កូនថង់ច្រករំលែកមួយចំនួនធំ, ទុយោជក់មួយចំនួនធំ, ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០៣, ក្រដាស់អាលុយមីញូមចំនួន០១ ដុំ, ដែកកេះចំនួន០៤ដើម, ទូរស័ព្ទដៃចុចថាច់ចំនួន០៣គ្រឿង, កាំភ្លើងចំនួន០១ដើមម៉ាក M១៦(ចាស់), បង់កាំភ្លើងចំនួន២និងគ្រាប់ចំនួន២០គ្រាប់, និងកាំភ្លើង (ស្នប់) ចំនួនមួយដើម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាង ត្រូវបានកម្លាំងប៉ូលិសជំនាញកសាងសំណុំរឿង និងបញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕


 

-->
adverise with khmeread