adverise with khmeread Index

ក្រុមចោរប្លន់កក្រើករាជធានីត្រូវបានតុលាការ ចោទប្រកាន់៤បទល្មើស

 ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធបាញ់សម្លាប់ដ៏កក្រើករាជធានីភ្នំពេញកន្លងមក ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់៤បទល្មើសគឺ១-ពីបទប្រើប្រាស់កាំភ្លើងខុសច្បាប់ ២-បទល្មើសប្លន់មានស្ថានទម្ងន់ទោស៣-សកម្មភាពប្លន់បណ្តាលឲ្យជនរងគ្រោះមរណ:ភាពនិង៤-សកម្មភាពមិនរាងចាល ហើយបច្ចុប្បន្នបានបញ្ជូនទៅញាត់គុកអស់ហើយ។


ក្រុមចោរ៤នាក់(ប្រុស២នាក់ស្រី២នាក់)បានធ្វើសកម្មភាពប្លន់ម៉ូតូសេ១២៥ ស៊េរីឆ្នាំ២០១៥ មួយគ្រឿងយ៉ាងសាហាវ នៅព្រឹកព្រលឹមម៉ោង ៥ និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបាញ់ត្រូវក្បាល ជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់។


ក្រោយពេលកើតហេតុប្រហែល ២ម៉ោង កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានតាមចាប់ខ្លួនជនល្មើសបាន ២នាក់ និងដកហូតម៉ូតូ របស់ជនរងគ្រោះ ដែលស្លាប់បានមកវិញ។


បន្តមកទៀតរយៈពេលប្រហែល ៤ម៉ោង សមត្ថកិច្ចអាវុធហត្ថ បានកំណត់មុខសញ្ញា ឈានទៅព័ទ្ធចាប់បក្ខពួកជនល្មើសផ្សេងទៀត នៅចំណុចភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ ដែលនៅពេលនោះ ជនល្មើសបានបាញ់មក លើសមត្ថកិច្ចដើម្បីរំដោះខ្លួន បណ្តាលឲ្យមានការផ្ទុះអាវុធតបតគ្នាទៅវិញទៅមក ធ្វើឲ្យជនល្មើស ២នាក់ស្លាប់នៅនឹងកន្លែង និងឃាត់ខ្លួនបានជនសង្ស័យ ២នាក់ទៀតជាប្រពន្ធរបស់ជនល្មើសដែលស្លាប់។


ក្រោយប្រតិបត្តិការបង្ក្រាប ក្រុមចោរប្រដាប់អាវុធ ដ៏សាហាវយង់ឃ្នងនេះ អាវុធហត្ថ បានបង្ហាញលទ្ធផលចុងក្រោយឲ្យដឹងថា តាមចម្លើយសារភាព របស់ជនល្មើសឈ្មោះ ប៉ែន ចំណាប់ ហៅអាពីន និងឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង បានឲ្យដឹងថា ពួកវាទាំង២នាក់ ព្រមជាមួយមេធំរបស់ពួកវា ២នាក់ទៀតដែលស្លាប់ពេលតដៃជាមួយសមត្ថកិច្ចអាវុធហត្ថ បានប្លន់ម៉ូតូក្នុងរាជធានីភ្នំពេញ ដោយប្រើអាវុធខ្លី មិនតិចជាង ៣០លើកនោះទេ។ តែទីតាំងដែលពួកវាចាំច្បាស់នាពេលថ្មីៗនេះមាន ៩លើក។


តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និងឈ្មោះ ពេជ្រ សូណែត ជាប្រពន្ធរបស់ ជនល្មើសដែលស្លាប់ ខណៈតដៃជាមួយសមត្ថកិច្ច បានសារភាពថា៖ កន្លងមកពួកខ្លួន ក៏ធ្លាប់បានចូលរួម ក្នុងសកម្មភាពប្លន់ ជាមួយក្រុមប្តីខ្លួនដែរ ដោយជិះទៅជាមួយគ្នា ដើម្បីបំភ័ន្តភ្នែកជនរងគ្រោះ កុំឲ្យចាប់អារម្មណ៍ នៅពេលប្លន់បានសម្រេច ស្រ្តីទំាង២នាក់ ចំាបិទគូទ តាមមើលពីក្រោយ ក្រែងលោមានសមត្ថកិច្ចដេញតាម និងបន្លំខ្លួនចូលទៅកន្លែងកើតហេតុ ដើម្បីក្តាប់សភាពការណ៍ ព័ត៌មាន ថាតើសមត្ថកិច្ចក្តាប់មុខសញ្ញាបានឬអត់។


បច្ចុប្បន្នសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ ចំពោះលទ្ធផល ដែល បង្ក្រាបបានខាងលើរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏មានការចូលរួមសហការ ពីស្នងការនគរបាលរាជធានី ភ្នំពេញផងដែរ។


ជាចុងក្រោយ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សូមអំពាវនាវ ដល់មហាជន ប្រជាជន គ្រប់មូលដ្ឋានទាំងអស់ ប្រសិនបើបានឃើញ ឬស្គាល់ បក្សពួក មុខសញ្ញាចោរប្លន់ ដែលនៅសេសសល់ ដូចមានក្នុងរូបថត និងឈ្មោះ ដែលបានរៀបរាប់ខាងលើ សូមរាយការណ៍ទៅសមត្ថកិច្ច ដែលនៅជិតបំផុត ឬលេខទូរស័ព្ទ 012 383 383 និង 017 818 171៕

adverise with khmeread

មតិយោបល់