ក្រុមហ៊ុនផ្គត់ផ្គង់រាប់សិបនៅមីយ៉ាន់ម៉ាកំពុងស៊យធំ ខណៈត្រូវក្រុមហ៊ុនយក្សខាងសម្លៀកបំពាក់ H&M ផ្អាកបញ្ជាទិញ ដោយសារអំពើហិង្សាលើបាតុករ

ក្រុមហ៊ុនលក់រាយម៉ូតសម្លៀកបំពាក់ធំជាងគេលំដាប់លេខ ២ នៅលើពិភពលោក H&M របស់ស៊ុយអែត បានឱ្យដឹងកាលពីថ្ងៃចន្ទទី៨ មីនាថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះការប្រើប្រាស់កម្លាំងដ៏សាហាវប្រឆាំងនឹងក្រុមអ្នកតវ៉ានៅមីយ៉ាន់ម៉ា និងថាខ្លួនផ្អាកការបញ្ជាទិញនៅក្នុងប្រទេសនេះ។

យោងតាមអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ប៉ូលិសនិងយោធាបានសម្លាប់មនុស្សជាង ៥០ នាក់ក្នុងការបង្ក្រាបបាតុកម្មនិងកូដកម្មប្រចាំថ្ងៃប្រឆាំងនឹងរដ្ឋប្រហារយោធាថ្ងៃទី ១ ខែកុម្ភៈ។

ក្រុមហ៊ុន H&M និយាយនៅលើវេបសាយរបស់ខ្លួនថា ក្រុមហ៊ុន មានអ្នកផ្គត់ផ្គង់ផ្ទាល់ប្រមាណ ៤៥ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយមានប្រភពនៅក្នុងប្រទេសនេះអស់រយៈពេល ៧ ឆ្នាំមកហើយ។

លោក Serkan Tanka នាយកប្រចាំមីយ៉ាន់ម៉ា បាននិយាយតាមអ៊ីមែលថា "ទោះបីយើងបដិសេធមិនចាត់វិធានការភ្លាមៗទាក់ទងនឹងវត្តមានយូរអង្វែងរបស់យើងនៅក្នុងប្រទេសនេះក៏ដោយ ក៏យើងនៅតែផ្អាកការបញ្ជាទិញថ្មីៗជាមួយអ្នកផ្គត់ផ្គង់របស់យើង។ នេះគឺដោយសារតែការលំបាកជាក់ស្តែងនិងស្ថានការណ៍ដែលមិនអាចប៉ាន់ស្មានបានដែលរារាំងសមត្ថភាពរបស់យើងក្នុងការធ្វើប្រតិបត្តិការក្នុងប្រទេសនេះរួមមានបញ្ហាប្រឈមទាក់ទងនឹងការផលិតនិងហេដ្ឋារចនាសម្ព័ន្ធ ការនាំចូលវត្ថុធាតុដើម និង ការដឹកជញ្ជូនផលិតផលសម្រេច"។

លោក Serkan Tanka និយាយថា ក្រុមហ៊ុន H&M មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពក្នុងប្រទេសនេះ ហើយថាខ្លួនកំពុងសន្ទនាជាមួយបណ្តាទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ អ្នកតំណាងការទូត អ្នកជំនាញសិទ្ធិមនុស្ស សហជីពពាណិជ្ជកម្ម និង ក្រុមហ៊ុនពហុជាតិដទៃទៀតអំពីស្ថានភាពនៅមីយ៉ាន់ម៉ា៕

-->
adverise with khmeread