នាំកូនប្រុសអាយុ៨ឆ្នាំទៅបេះផ្លែឈូក, ចៃដន្យអាក្រក់កូនលង់ទឹកបឹងស្លាប់

កណ្តាល ៖ មានករណីក្មេងប្រុសម្នាក់លង់ទឹកបឹងស្លាប់បង្កការភ្ញាក់ផ្អើល នាវេលាម៉ោង១និង ១៩នាទីរសៀលថ្ងៃទី១០ មីនា ឆ្នាំ២០២១ នៅចំណុចបឹងប្រាក់តូច ស្ថិតនៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សយ សំណាង ភេទប្រុស អាយុ៨ឆ្នាំ មានឪពុកឈ្មោះ សយ ជា​ អាយុ​​​៣៥ឆ្នាំ និងម្តាយឈ្មោះ ហុយ សុខេន អាយុ៣២ឆ្នាំ និងមានទីលំភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបន្តថា នៅវេលាម៉ោងប្រហែល១២ថ្ងៃត្រង់ ឈ្មោះ សយ​ ជា បានជិះម៉ូតូឌុបកូនប្រុសទៅកាច់ផ្លែឈូកនៅចំណុចបឹងប្រាក់តូច ស្ថិតក្នុងភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។ ពេលទៅដល់បឹងក៏ឡើងជិះទូកទាំងពីរនាក់ដើម្បីកាច់ផ្លែឈូកមកហូប។ 

លុះដល់វេលាម៉ោង១រសៀល ក៏ត្រឡប់មកគោកវិញ ហើយឱ្យកូនឈរលើគោកម្នាក់ឯង ឪពុកក៏ចុះទៅកាច់ឈូកម្តងទៀតនៅចម្ងាយប្រហែល៥០ម៉ែត្រពីកន្លែងកូនឈរ។ ពេលកាច់ផ្លែឈូកបានហើយក៏ត្រឡប់មកវិញ ពេលមកដល់ទូកមិនឃើញកូនឃើញតែខោអាវ​ ​ក៏រាវមើលក្រោមទូកស្រាប់តែឃើញកូនលង់ទឹកស្លាប់នៅក្រោមទូក, ឃើញដូចនេះឪពុកបានយកកូនមកដល់ផ្ទះទើបរាយការណ៍ជូនប៉ូលិសប៉ុស្តិ៍មកពិនិត្យ៕


 

-->
adverise with khmeread