ឃាត់រថយន្តតាក់ស៊ី៣គ្រឿងបំពានបម្រាមរបស់អាជ្ញាធរទប់ស្កាត់ជំងឺឆ្លង

ព្រះសីហនុ ៖ មានករណីរថយន្តតាក់ស៊ីចំនួន០៣គ្រឿង ដែលមានគោលដៅធ្វើដំណើរពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ បានបើកគេចពីគោលដៅសមត្ថកិច្ចត្រួតពិនិត្យ ដោយវាងទៅតាមផ្លូវល្បឿនលឿន​ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំ និងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា នៅថ្ងៃទី​១០ ខែមីនា​ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកបើកបររថយន្តទាំង៣នាក់បំពានបម្រាមរបស់អាជ្ញាធររួមមាន ទី១-ឈ្មោះ កុច វ៉ាន់ណាក់ ភេទប្រុស អាយុ២៧ឆ្នាំ បើកបររថយន្ដម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF -6375 គោលដៅពីខេត្តព្រះសីហនុឆ្ពោះទៅភ្នំពេញ មានដឹកមនុស្សម្នាក់ប្រុស (ខ្មែរ) និងឥវ៉ាន់មានគ្រឿងសមុទ្រ ៦កេះ បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

ទី២-ឈ្មោះ ចាន់ គឹមហ៊ាន ភេទប្រុស អាយុ ៣៨ឆ្នាំ បើកបររថយន្ដស្ដារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC -8943 ដឹកមនុស្សចំនួន ៣នាក់ (ស្រីម្នាក់និងប្រុស ០២នាក់) (ខ្មែរ) និងឥវ៉ាន់មានអង្ករកន្លះបាវ ប្រហុកដាក់ថង់ខ្មៅមួយកញ្ចប់ បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

ចំណែកទី៣-ឈ្មោះ ហួត សុផារ៉ា ភេទប្រុស អាយុ ៤០ឆ្នាំ បើកបររថយន្ដម៉ាកហាយឡេនឌ័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AP-2002 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកមនុស្សពីរនាក់ប្ដីប្រពន្ធ (ខ្មែរ) និងឥវ៉ាន់មាន ឆ្នាំងបាយអគ្គិសនី ២គ្រឿង ទូរទស្សន៍ ១គ្រឿង ម៉ាកសាប បានបើកបរវាងតាមផ្លូវល្បឿនលឿន ពេលនោះក៏ត្រូវបានសមត្ថកិច្ចឃើញក៏ឃាត់តែម្ដង ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ទៅវិញ។

បច្ចុប្បន្នរថយន្ដទាំង០៣ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកកំពង់សីលា ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិ សមត្ថកិច្ចនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត និងគ្មានការលើកលែងឡើយ។ 

អាជ្ញាធរខេត្តព្រះសីហនុ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕


 

-->
adverise with khmeread