ជប៉ុនរំលឹកខួប១០ឆ្នាំនៃការវាយប្រហារដោយរលកយក្សស៊ូណាមី

កាលពី ១០ ឆ្នាំមុននៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០១១ ការរញ្ជួយដីកម្រិត ៩,០ រិច្ឆទ័របានវាយប្រហារឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសជប៉ុន ដែលជាការរញ្ជួយដ៏ខ្លាំងបំផុតធ្លាប់វាយប្រហារមកលើប្រទេសជប៉ុន ដោយបង្កើតរលកយក្សស៊ូណាមីដ៏ធំសម្បើម រាលដាលពាសពេញឆ្នេរសមុទ្រ និងបង្ករលកឡើងដល់កម្ពស់ ៤០ ម៉ែត្រ។ 

កម្លាំងទឹកបុកមកយ៉ាងខ្លាំងពីសមុទ្របានហែកហួរទីក្រុងនិងភូមិនៅតាមឆ្នេរសមុទ្រ ដោយបញ្ជូននាវាពីសមុទ្រឡើងលើគោក ខណៈដែលផ្ទះរាប់ម៉ឺនខ្នងត្រូវបានអូសតាមទឹក ហើយបន្ទាប់មកកម្ទេចកម្ទីនិងរថយន្តរាប់តោនត្រូវបានអូសត្រឡប់ទៅសមុទ្រវិញ។ 

ការបំផ្លាញម៉ាស៊ីនរ៉េអាក់ទ័រនៅរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi របស់ក្រុមហ៊ុន TEPCO បន្ទាប់មកបានបង្កគ្រោះមហន្តរាយទីបីដោយបំពុលដល់តំបន់លាតសន្ធឹងធំមួយ ដោយបង្ខំមនុស្សរាប់ពាន់នាក់ចេញពីទីលំនៅរបស់ពួកគេ។ 

គ្រោះរញ្ជួយដីនិងគ្រោះមហន្តរាយជាបន្តបន្ទាប់នេះធ្វើឱ្យខូចខាតប្រាក់រាប់ពាន់លានដុល្លារ និងឆក់យកជីវិតមនុស្សជិត ១៦.០០០ នាក់។ ការធ្វើពិធីរំលឹកខួបសម្រាប់ឆ្នាំនេះនឹងត្រូវធ្វើឡើង ប៉ុន្តែធ្វើក្នុងទ្រង់ទ្រាយតូចដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩៕

-->
adverise with khmeread