រថយន្ត VOLVO បើកលឿនពេកដល់ស្តុបភ្លើងក្រហមបួងចង្កូតឡើងចិញ្ចើមផ្លូវបុករ៉ឺម៉កអូសជាង៣០ម៉ែត្រ​របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ ​រថយន្ត VOLVO មួយគ្រឿងបើកលឿនពេកដល់ស្តុបភ្លើងក្រហម ក៏បួងចង្កូតឡើងចិញ្ចើមផ្លូវបុករ៉ឺម៉កដែលកំពុងរង់ចាំម៉ូយអូសជាង៣០ម៉ែត្រ​បណ្តាលឱ្យតៃកុងរបួសធ្ងន់ បានកើតឡើងនៅវេលាម៉ោង១០ និង១០នាទី​ព្រឹក ​ថ្ងៃ​ទី​១១ ខែមីនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវលេខ៦ កែងផ្លូវបេតុង ចូលរវង្វង់មូលនាងមច្ឆាភូមិកៀនឃ្លាំង​ សង្កាត់-ខណ្ឌជ្រោយចង្វារ ​រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា រថយន្តបង្ក​ម៉ាក ​VOLVO ពណ៌ខ្មៅ ពាក់ស្លាកលេខ​ ភ្នំពេញ ​2BL-​0702 បើកដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីកើតហេតុ។ ដំបូងបុរសម្នាក់បានបើករ៉ឺម៉កមកឈប់លើចិញ្ចើមផ្លូវខាងលិចនៃផ្លូវជាតិលេខ៦។

ខណៈកំពុងអង្គុយក្បែររ៉ឺម៉ក ស្រាប់តែមានរថយន្តម៉ាក VOLVO ខាងលើបើកក្នុងទិសដៅពីជើងទៅត្បូងលឿនពេក មកដល់ផ្លូវកែងក៏បង្អង់ល្បឿន ភ្លើងស្តុប កំពុងចេញពណ៌ក្រហមរួចបួងចង្កូតមកស្តាំដៃជ្រុលបុកតៃកុង បណ្តាលឱ្យរុញរ៉ឺម៉កប្រមាណ៣០ម៉ែត្រ​ហើយប៉ះរថយន្តមួយគ្រឿងទៀតរងការខូចខាត និង បណ្តាលឱ្យអ្នកបើករ៉ឺម៉កម្នាក់របួសធ្ងន់និងរថយន្តបង្កខូចខាតយ៉ាងដំណំ ហើយរថយន្តមួយទៀតខូចខាតស្រាល។ 

ក្រោយពេលកើតហេតុ​ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត, ឯរថយន្ត និងរ៉ឺម៉ករួមជាមួយតៃកុងរថយន្តត្រូវបានសមត្ថកិច្ច​ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី រង់ចាំដោះស្រាយនៅពេលក្រោយ៕


 

-->
adverise with khmeread