រថយន្ដស្ទូចផ្ទុះកង់រេចង្កូតបុកជាមួយរថយន្តដឹកប្រេងពេញទំហឹងរបួសធ្ងន់ស្រាល៣នាក់

កណ្តាល ៖ មនុស្ស៣នាក់រងរបួសធ្ងន់ស្រាល បន្ទាប់ពីរថយន្តស្ទូច និងរថយន្តដឹកប្រេងបុកគ្នាពេញទំហឹង កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ ២០២១ នៅចំណុចមុខក្រុមហ៊ុនហុងដា ខាងលិចស្តុបផ្សារបែកចានប្រមាណជាង៣០០ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិចុងបង្គូល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។

យោងតាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា ដំបូងគេឃើញរថយន្តស្ទូចមួយគ្រឿងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3G-​7667 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយព្រូម្នាក់ទៀត ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ទិសដៅពីលិចទៅកើត។

លុះជិតដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តស្ទូចបានផ្ទុះកង់ខាងមុខលាន់ឮសំឡេងដូចផ្ទុះគ្រាប់ រួចបានបន្តទៅមុខដល់កន្លែងកើតហេតុខាងលើក៏បានរេចង្កូតមកខាងឆ្វេងដៃបុកជាមួយរថយន្តដឹកស៊ីទែនប្រេងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9627 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចបុកគ្នាពេញទំហឹង បណ្ដាលឱ្យភាគីខាងរថយន្តស្ទូចរបួសធ្ងន់បុរសម្នាក់និងស្រាលម្នាក់។

ចំណែកភាគីរថយន្តដឹកស៊ីទែនប្រេងរងរបួសធ្ងន់បុរសម្នាក់ ​ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំពោះរថយន្តទាំងពីរគ្រឿងរងការខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុងដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសស្រុកអង្គស្នួលរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread