ឃាត់រថយន្ត២គ្រឿងគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក នៅស្រុកកំពង់សីលា

ព្រះសីហនុ​ ៖ មានករណីរថយន្តចំនួន០២គ្រឿង ក្នុងនោះរថយន្តដឹកទំនិញ១គ្រឿង និងរថយន្តតាក់ស៊ី១គ្រឿង មានគោលដៅធ្វើដំណើរពីខេត្តព្រះសីហនុឆ្ពោះទៅរាជធានីភ្នំពេញ ដោយបានបើកវាងទៅតាមផ្លូវល្បឿនលឿនគេចពីគោលដៅត្រួតពិនិត្យចត្តាឡីស័ក ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកកំពង់សីលាឃាត់សួរនាំនិងកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់ កាលពីយប់ថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២១។

យោងតាមរបាយការណ៍សមត្ថកិច្ចស្រុកកំពង់សីលា ចុះនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១បានឱ្យដឹងថា អ្នកបើកបររថយន្ត ទី១.ឈ្មោះ ប្រាក់ សីហា ភេទប្រុស អាយុ២៦ឆ្នាំ បើកបររថយន្តដឹកទំនិញ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាក​លេខ កណ្ដាល 3A-1571 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ។

លុះមកដល់ចំណុចចំការដូងប្រេងត្រូវបាន មនុស្សប្រុស ០៣ នាក់ (ជនជាតិខ្មែរ) ឃាត់រថយន្តជិះដោយសារម៉ូតូរបស់ពួកគេបែកកង់ជិះមិនកើត ហើយក៏បន្តដំណើរទៅមុខទៀតតាមបណ្ដោយផ្លូវជាតិលេខ៤ មកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក រថយន្តដឹកទំនិញនោះ បានបើកបរវាងតាមផ្លូវល្បឿន ក៏ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ទុកដើម្បីធ្វើការសួរនាំ ដោយឡែកអ្នករួមដំណើរត្រូវបានសមត្ថកិច្ចឱ្យត្រឡប់ក្រោយវិញ។

ចំពោះអ្នកបើកបរទី២.ឈ្មោះ សាម ស្រ៊ុន ភេទប្រុស អាយុ ៥៦ ឆ្នាំ បើកបររថយន្ត ០១ គ្រឿងម៉ាកHigh Lander ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2J-7577 គោលដៅពីខេត្តព្រះសីហនុទៅភ្នំពេញ ដឹកអ្នកដំណើរចំនួន ០៣ នាក់ប្រុស (ជនជាតិខ្មែរ)។ លុះមកដល់ចំណុចគោលដៅត្រួតពិនិត្យចត្តាឡីស័ក សមត្ថកិច្ចបានឃាត់រថយន្តគាត់ដោយឱ្យត្រឡប់ក្រោយវិញ ពេលនោះអ្នកបើកបររូបនេះ បានដាក់អ្នកដំណើរចុះ ហើយបានបន្តដំណើរបើករថយន្តតែម្នាក់ឯង ក្នុងគោលបំណងជិះវាងតាមផ្លូវល្បឿនលឿនឆ្ពោះទៅភ្នំពេញ តែត្រូវបានសមត្ថកិច្ចបានឃើញ និងឃាត់ខ្លួនរួមទាំងរថយន្តមកកាន់អធិការដ្ឋានស្រុកកំពង់សីលា ដើម្បីសាកសួរបន្ត។

រថយន្ដទាំង០២ខាងលើនេះ ត្រូវបានឃាត់រក្សាទុកនៅអធិការដ្ឋានស្រុកកំពង់សីលា ​ដើម្បីកសាងសំណុំរឿងចាត់ការតាមវិធានការច្បាប់។ ចំពោះជនដែលប៉ុនប៉ង និងបំផ្លាញសុខភាពសាធារណៈរបស់ជាតិត្រូវចាត់វិធានការតាមផ្លូវច្បាប់ឱ្យម៉ឺងម៉ាត់បំផុត ​និងគ្មានការលើកលែងឡើយ។ អាជ្ញាធរសូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការអំពាវនាវរបស់អាជ្ញាធរខេត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕


 

-->
adverise with khmeread