នៅសុខៗឆេះរថយន្តកុងតឺន័រមួយគ្រឿងផ្អើលឈុលទាំងយប់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ នៅសុខៗស្រាប់តែរថយន្តកុងតឺន័រមួយគ្រឿងកំពុងបើកបរតាមផ្លូវ ​ស្រាប់តែឆេះចេញជាអណ្ដាតភ្លើងបង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យចុះមកអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលមិនឆេះខូចខាតធ្ងន់ធ្ងរ។

ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១២ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃសុក្រ ទី១២ ខែមិនា ​ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២០០៤ នៅខាងកើតស្តុបណតប្រ៊ីតប្រមាណ ២០ម៉ែត្រ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អ្នកបើករថយន្តកុងតឺន័រមានឈ្មោះ ធា ធី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ  មុខរបរបើកបររថយន្ត មានស្រុកកំណើតនៅស្រុកចំការលើ ខេត្តកំពង់ចាម ដោយបើករថយន្តម៉ាក FUSO ក្បាលពណ៌ស ពាក់ស្លាកលេខព្រះសីហនុ 3A-7538 ជាប្រភេទរថយន្តសណ្តោងរ៉ឺម៉កខាងក្រោយពាក់ស្លាកលេខភ្នំពេញ 4A.4571 បើកតែម្នាក់ឯង។

បើតាមសម្តីតៃកុងរថយន្តបានឱ្យដឹងថា ​មុនកើតហេតុរូបគាត់បានបើករថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើរតាម បណ្តោយផ្លូវណតប្រ៊ីតទិសដៅពីជើងទៅត្បូង, ខណៈមកដល់ស្តុបណតប្រ៊ីតក៏បានបត់ឆ្វេងដៃទៅទិសខាងកើតតាមបណ្តោយផ្លូវលេខ២០០៤ ហៅផ្លូវម៉ៃដាដោយឃើញភ្លើងឆាបឆេះនៅផ្នែកខាងមុខក្រោមកាប៊ីន រថយន្តកង់ខាងឆ្វេង។

ភ្លាមនោះរូបគាត់បានឈប់រថយន្តចុះមើលស្រាប់តែឮសំឡេងផ្ទុះកង់ក៏ ហើយឃើញអណ្ដាតភ្លើងឆេះឡើង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច មូលដ្ឋានចុះមកដល់យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់និងយកទឹកជាច្រើនធុងមកចាក់ តែនៅមិនរលត់ ​ទើបសមត្ថកិច្ចបានទំនាក់ទំនងហៅរថយន្តពន្លត់អគ្គីភ័យចំនួន១គ្រឿងចុះមកអន្តរាគមន៍បាញ់ពន្លត់ទាន់ពេលវេលា ដោយមិនមានឆេះរាលដាលនោះទេ។បន្ទាប់មកសមត្ថកិច្ចឱ្យតៃកុងយករថយន្តទៅជួសជុលដោយខ្លួនឯង៕

-->
adverise with khmeread