នរណាថាស្នេហ៍ស្មោះរ៉ូមែនទិកលែងមានលើលោកនេះ? គូស្នេហ៍អ៊ុយក្រែននេះរស់នៅដាក់ខ្នោះដៃជាប់គ្នាមិនព្រមលែង!

គូស្នេហ៍ជនជាតិអ៊ុយក្រែន ដែលធុញទ្រាន់នឹងការឈ្លោះប្រកែកគ្នា កំពុងព្យាយាមកែសម្រួលទំនាក់ទំនងឡើងចុះៗរបស់ពួកគេ ដោយដាក់ខ្នោះដៃជាមួយគ្នារយៈពេល ៣ ខែ និង ចងក្រងជាឯកសារនូវបទពិសោធន៍របស់ពួកគេនៅលើបណ្តាញសង្គម។

អ្នកលក់ឡានតាមអនឡាញលោក Alexandr Kudlay អាយុ ៣៣ ឆ្នាំនិងអ្នកកែសម្ផស្សឈ្មោះ Viktoria Pustovitova អាយុ ២៨ ឆ្នាំបានចាប់ផ្តើមនូវអ្វីដែលគេហៅថា "ការពិសោធន៍" របស់ពួកគេនៅទិវានៃក្តីស្រឡាញ់ (១៤កុម្ភៈ) ហើយចាប់តាំងពីពេលនោះមកទទួលបានអ្នកគាំទ្ររាប់ពាន់នាក់នៅលើ Instagram ។

លោក Kudlay បានប្រាប់រ៉យទ័រនៅក្នុងផ្ទះល្វែងរបស់ពួកគេនៅទីក្រុង Kharkiv ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃសុក្រទី១២មីនាយ៉ាងដូច្នេះ "ទាក់ទងនឹងការលួងលោមកាយរៀងរាល់ថ្ងៃ យើងកាន់តែស៊ាំនឹងវាខ្លាំងឡើងៗ ។ វាកាន់តែងាយស្រួល"។

គាត់រកនឹកឃើញការដាក់ខ្នោះដៃនេះ បន្ទាប់ពីនាង Pustovitova និយាយថា នាងចង់បែកពីគាត់។

លោកនិយាយថា "យើងធ្លាប់បែកគ្នាម្តងឬពីរដងក្នុងមួយសប្តាហ៍។ ពេលមានការឈ្លោះប្រកែកគ្នាម្តងទៀត Vika និយាយថា យើងត្រូវតែបែកគ្នា ខ្ញុំបានឆ្លើយថា ចឹងខ្ញុំនឹងចងភ្ជាប់ខ្លួននាងជាមួយនឹងខ្លួនខ្ញុំ"។

ដំបូងនាង Pustovitova បដិសេធគំនិតរបស់គាត់ ហើយមិនលើកទូរស័ព្ទរបស់គាត់ជាលើកដំបូង ប៉ុន្តែទីបំផុតនាងបានប្តូរចិត្ត។ អស់រយៈពេលជិតមួយខែហើយដែលគ្មានចន្លោះទំនេរផ្ទាល់ខ្លួនសោះសម្រាប់ពួកគេ ហើយអ្នកទាំងពីរធ្វើអ្វីៗគ្រប់យ៉ាងជាមួយគ្នាចាប់តាំងពីការដើរទិញអីវ៉ាន់រហូតដល់ការជក់បារី។

នាង Pustovitova និយាយថា "ខ្ញុំសម្រេចចិត្តថា វាច្បាស់ជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍សម្រាប់ខ្ញុំ ដែលវានឹងផ្តល់នូវអារម្មណ៍ត្រចះត្រចង់ថ្មីសន្លាងដល់ជីវិតខ្ញុំ ដែលខ្ញុំមិនធ្លាប់បានជួបពីមុន។ ខ្ញុំស្រឡាញ់គាត់ ដូច្នេះខ្ញុំក៏យល់ព្រមធ្វើតាមគំនិតគាត់"៕

-->
adverise with khmeread