លោកអភិបាលខេត្តស្វាយរៀងឧបត្ថម្ភដល់កម្មកររបួស៥៨នាក់ដោយសារក្រឡាប់ឡាន

ស្វាយរៀង ​៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តដឹកកម្មករ បណ្តាលឱ្យក្រឡាប់ធ្លាក់ខុសផ្លូវដោយសារការបើកជែងខ្វះការប្រុងប្រយ័ត្ន កើតឡើងនៅលើផ្លូវជាតិលេខ១ ស្ថិតនៅភូមិព្រៃផ្តៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្តាលឱ្យកម្មកររបួសធ្ងន់ស្រាល ៥៨នាក់ នាព្រឹកថ្ងៃសុក្រទី១២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៦ និង២០នាទីព្រឹក។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានចាត់កម្លាំងចុះអន្តរាគមន៍ដឹកអ្នករបួសមកសង្គ្រោះភ្លាមៗទៅកាន់មន្ទីរពេទ្យ និងបានអញ្ជើញដឹកនាំក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត ចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួនជូនដល់កម្មករ កម្មការិនី ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង៦នាក់, មន្ទីរពេទ្យបង្អែក ស្វាយទាប៥នាក់, មន្ទីរពេទ្យបង្អែកជីភូ៣៦នាក់ និងនៅមន្ទីរសម្រាកព្យាបាលបូព៌ា ក្រុងបាវិត១១នាក់។

លោកអភិបាល ក៏បានផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ សូមយកចិត្តទុកដាក់ក្នុងការព្យាបាលគ្រប់អ្នកជំងឺទាំងអស់ឱ្យបានល្អ។ ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក៏ដូចជាកាកបាទក្រហមកម្ពុជា តែងតែដោះស្រាយ ឆ្លើយតបគ្រោះមហន្តរាយជាបន្តបន្ទាប់ទាន់ពេលវេលា ខណៈពេលដែលអ្នករងគ្រោះត្រូវការបន្ទាន់នូវជំនួយសង្គ្រោះ។

នាឱកាសនោះលោកអភិបាលបានឧបត្ថម្ភថវិកាដល់អ្នករបួសធ្ងន់ ៧នាក់ ក្នុងម្នាក់ថវិកា ៤០០.០០០ រៀល, អ្នករបួសមធ្យម ៣នាក់ក្នុងម្នាក់ថវិកា ១៥០.០០០ រៀល និងអ្នករបួសស្រាល ៤៨នាក់ ក្នុងម្នាក់ថវិកា ១០០.០០០រៀល៕

-->
adverise with khmeread