ប្រធានាធិបតីចិនបារម្ភក្មេងៗញៀនហ្គេមអនឡាញនិងឆែកមើលរឿងកខ្វក់លើអ៊ីនធឺណេត មិនខ្វល់រឿងរៀនសូត្រ

ការញៀនវីដេអូហ្គេមគឺជាប្រធានបទដ៏ក្តៅគគុកនៅក្នុងសម័យប្រជុំសភាប្រជាជនចិនឆ្នាំនេះ ដែលបានបញ្ចប់កាលពីថ្ងៃព្រហស្បតិ៍ (១១ មីនា) ដោយលោកប្រធានាធិបតីស៊ី ជីនពីងចូលរួមក្នុងកិច្ចពិភាក្សាពាក់ព័ន្ធនានានិងរាយនាមការញៀនហ្គេមជាការព្រួយបារម្ភចំពោះសុខភាពផ្លូវចិត្ត ជាហេតុនាំឱ្យគេរំពឹងថាទីក្រុងប៉េកាំងនឹងរឹតបន្តឹងថែមទៀតលើបទបញ្ញត្តិស្តីពីហ្គេម។

លោកស៊ីបានលើកឡើងពីបញ្ហានេះកាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅឯសន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC)។ យោងតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួបានឱ្យដឹងថា លោកបានពិភាក្សាអំពីការញៀនហ្គេមក្នុងចំណោមយុវវ័យចិនជាមួយតំណាងមកពីវិស័យថែទាំសុខភាពនិងវិស័យអប់រំរបស់ប្រទេស។

លោកស៊ីបាននិយាយនៅក្នុងសុន្ទរកថាដែលចេញផ្សាយដោយស៊ីនហួថា ការញៀនហ្គេមអនឡាញរួមជាមួយ "រឿងកខ្វក់និងរញ៉េរញ៉ៃផ្សេងទៀតតាមអនឡាញ" អាចជះឥទ្ធិពលអាក្រក់ដល់អនីតិជនចិន ពីព្រោះពួកគេមិនទាន់មានភាពចាស់ទុំខាងចិត្តគំនិត។

សុន្ទរកថារបស់លោកស៊ីត្រូវបានបន្ទរឡើងដោយក្រុមអ្នកតាក់តែងច្បាប់នៅសម័យប្រជុំពីរវគ្គ ដែលអ្នកខ្លះបានស្នើវិធានការជាច្រើន ដែលតម្រង់គោលដៅដើម្បីកាត់បន្ថយការលេងហ្គេមចំពោះមនុស្សមិនទាន់គ្រប់អាយុ។

អ្នកខ្លះស្នើឱ្យតម្រូវអនុវត្តការស្កែនមុខមុនលេងហ្គេមដែលជាវិធានការមួយបានអនុវត្តរួចហើយទៅលើហ្គេមខ្លះពីក្រុមហ៊ុនហ្គេមយក្សទាំងពីរគឺ Tencent Holdings និង NetEase ។ អ្នកផ្សេងទៀតបានស្នើនូវប្រព័ន្ធដាក់ចំណាត់ថ្នាក់នៅនឹងកន្លែងសម្រាប់ហ្គេម។

សំឡេងដទៃទៀតនៅក្នុងវគ្គប្រជុំទាំងពីរបានអំពាវនាវឱ្យមានការហាមឃាត់ចំពោះការចុះកុងត្រាផ្សាយពីតារាល្បីៗសម្រាប់ហ្គេមអនឡាញ ដោយកាត់បន្ថយចំនួនការផ្សាយពាណិជ្ជកម្មសម្រាប់ហ្គេម និង អភិវឌ្ឍស្មាតហ្វូនសម្រាប់តែអនីតិជន៕

-->
adverise with khmeread