រថយន្តកៀររ៉ឺម៉កម៉ូតូរបូតដាច់ចេញពីគ្នាបណ្តាលឱ្យរបួសធ្ងន់ម្នាក់, ហើយរថយន្តបើករត់បាត់

ភ្នំពេញ ៖ ​រថយន្តមិនស្គាល់ម៉ាកបានបើកមកកៀររ៉ឺម៉កលក់បន្លែត្រីសាច់២នាក់ប្តីប្រពន្ធ បណ្តាលឱ្យដាច់រ៉ឺម៉កចេញពីម៉ូតូសង្កត់ពីលើប្តីជាអ្នកបើករងរបួសធ្ងន់ កើតឡើងកាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃសៅរ៍ ទី១៣ ខែមីនា ឆ្នាំ២០២១ នៅត្រង់ផ្លូវចូលបុរីអង្គរភ្នំពេញ តាមបណ្តោយផ្លូវលេខ១០០៣ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

យោងតាមសម្ដីសន្តិសុខដែលយាមកាមនៅជិតកន្លែងកើតហេតុបានឱ្យដឹងថា ​ដំបូងគាត់បានឃើញពីរនាក់ប្ដីប្រពន្ធនិងកូនតូចម្នាក់ បានបើករ៉ឺម៉កម៉ូតូម៉ាកយ៉ាមហាស៊ីរ៉ូស ពណ៌ក្រហម គ្មានស្លាកលេខ ដឹកបន្លែត្រីសាច់លក់តាមបណ្ដោយផ្លូវលេខ១០០៣ក្នុងទិសដៅពីលិចទៅកើត។

ខណៈមកដល់ចំណុចកើតហេតុខាងលើកំពុងតែជិះសុខៗក៏ស្រាប់តែមានរថយន្តមិនស្គាល់ម៉ាកមួយគ្រឿងបើកស្របទិសគ្នាមកពីក្រោយបានវ៉ាជែងមកកៀររឺម៉កពីរនាក់ប្ដីប្រពន្ធបណ្ដាលឱ្យរេចង្កូតឡើងទៅលើចិញ្ចើមផ្លូវធ្លាក់ចូលមាត់លូ បណ្ដាលឱ្យដាច់រ៉ឺម៉កចេញពីម៉ូតូធ្លាក់ប្ដីជាអ្នកបើករ៉ឺម៉កសង្កត់ពីលើ បណ្ដាលឱ្យបែកក្បាលរងរបួសធ្ងន់។ 

ភ្លាមៗត្រូវបានសន្តិសុខនាំគ្នាលើករ៉ឺម៉កទាញគាត់ចេញហៅរថយន្តសង្គ្រោះមកដឹកយកទៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះជីវិត។ ចំណែកឯប្រពន្ធនិងកូនមិនមានរងរបួសនោះទេហើយរថយន្តបង្កបានបន្ថែមល្បឿនបើករត់គេចចេញពីកន្លែងកើតហេតុបាត់តែម្តង។

ក្រោយពីកើតហេតុប៉ូលិសប៉ុស្តិ៍រដ្ឋបាលទួលសង្កែទី២បានមកដល់កន្លែងកើតហេតុហើយក៏បានយករ៉ឺម៉កទៅរក្សាទុកនៅប៉ុស្តិ៍ដើម្បីទុកប្រគល់ជូនឱ្យទៅជនរងគ្រោះវិញទៅពេលដែលជាសះស្បើយ៕

-->
adverise with khmeread