ពួកចោរអារកបុរសមេការរថយន្តដឹកដីម្នាក់ ប្លន់យកទ្រព្យសម្បត្តិ៣ថ្ងៃទើបរកសពឃើញ

ភ្នំពេញ ៖ បុរសជាមេការរថយន្តដឹកដីម្នាក់ ត្រូវពួកចោរមិនស្គាល់អត្តសញ្ញាណអារកសម្លាប់ប្លន់យកម៉ូតូនិងគ្រឿងអលង្ការនៅជាប់នឹងខ្លួន នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅរយៈពេល៣ថ្ងៃកន្លងទៅ រហូតដល់ថ្ងៃទី១៣ មីនា ២០២១ ម៉ោង៦និង៤០នាទីព្រលប់ទើបរកសពឃើញ។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ សៅ ត្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមេការរថយន្តដឹកដី ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។

សមត្ថកិច្ចនិយាយថា កាលពីថ្ងៃទី ១១ មីនា ឆ្នាំ២០២១ វេលាម៉ោង៤ និង៤២នាទីល្ងាច ជនរងគ្រោះបានជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខត្បូងឃ្មុំ 1H-1406 ដោយមានទ្រព្យសម្បត្តិជាប់ខ្លួនរួមមាន ខ្សែដៃប្លាទីនទម្ងន់ ៥ជី, ចិញ្ជៀនប្លាទីនដាំត្បូងពណ៌ស១វង់, ខ្សែកប្លាទីន១ខ្សែ និងលុយ ៤០០ដុល្លារ ចេញពីផ្ទះទៅបាត់។ 

សមត្ថកិច្ចបន្តថា រហូតដល់ថ្ងៃទី១៣ មីនា ឆ្នាំ២០២១ ម៉ោង៥ និង៤០នាទីល្ងាច បងប្រុសជនរងគ្រោះក៏មករាយការណ៍ប្តឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកឯង។ បន្ទាប់មកសម្ថកិច្ចបានផ្សព្វផ្សាយតាមផេកប្រតិកម្មរហ័សស្នងការដ្ឋានប៉ូលិសរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវរកជនរងគ្រោះ។ 

សមត្ថកិច្ចបន្តទៀតថា លុះដល់ម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃដដែល ក៏មានប្រជាពលរដ្ឋប្រទះឃើញសពជនរងគ្រោះនៅចំណុចកើតហេតុខាងលើ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច។ បន្ទាប់មក ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រមកត្រួតពិនិត្យសាកសពជនរងគ្រោះឃើញមានស្នាមអារកមួយកន្លែង និងចាក់ទ្រូង៧កន្លែង និងបាត់បងទ្រព្យសម្បត្តិដូចរៀបរាប់ខាងលើ។

បើតាមការសន្និដ្ឋានរបស់ប៉ូលិសការិយាល័យបច្ចេកទេសវិទ្យាសាស្រ្ត និង ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន គ្រូពេទ្យកោសលវិច្ច័យរាជធានីភ្នំពេញបញ្ជាក់ថា «ជនរងគ្រោះស្លាប់ដោយសារអារកមួយកន្លែងនិងចាក់ទ្រូងផ្នែកខាងឆ្វេង៧កន្លែង»។

បច្ចុប្បន្នសពជនរងគ្រោះប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ជុំវិញករណីខាងលើនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកឃាតកមកផ្តន្ទាទោសតាមច្បាប់៕

-->
adverise with khmeread