ឃាត់ក្មេងស្ទាវ២ក្រុមមានគ្នា១៥នាក់ឈ្លោះដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok វាយបំផ្លាញម៉ូតូខូច២គ្រឿង

បាត់ដំបង ៖​ ពួកស្ទាវ២ក្រុមមានគ្នា១៥នាក់ត្រូវបានប៉ូលិសព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង​ និង ប៉ូលិសស្រុកឯកភ្នំ​ ចាប់ឃាត់ខ្លួនបន្ទាប់ពីបានធ្វើសកម្មភាពយកកាំបិតនិងដុំថ្មកាប់និងគប់ម៉ូតូខូចខាត២គ្រឿង បន្ទាប់ពីឈ្លោះគ្នាតាមរយៈសរសេរខំមិន (Comment) ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក​ ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវតែម្តង។

ហេតុការណ៍ខាងលើនេះកើតឡើងកាលពីថ្ងៃទី១១​ ខែមីនា​ ឆ្នាំ២០២​១​ វេលាម៉ោង៤​ និង២០ នាទីល្ងាច នៅចំណុចមុខផ្ទះលក់គ្រឿងសំណង់​ យីហោ​រុន​ ម៉េង​ ក្នុងភូមិព្រែកតា​ច្រែង​ ឃុំព្រែកនរិន្ទ​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង តែករណីនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ​ គឺខូចខាតតែម៉ូតូចំនួន០២គ្រឿងតែប៉ុណ្ណោះ។

ប៉ូលិសនិយាយថា ទទួលបានព័ត៌មានភ្លាម លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាត់ដំបង​ បាន​ដឹកនាំ​កម្លាំងការិយាល័យជំនាញរួមជាមួយក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ដោយសហការជាមួយកម្លាំងប៉ូលិសស្រុកឯកភ្នំ​ ចុះបង្ក្រាបនាំខ្លួនជនសង្ស័យ០២ក្រុម មាន​គ្នា​ចំនួន​ ១៥​នាក់​ គឺក្រុម Boy Srer ៨នាក់ និងក្រុម ​Boy Loy ៧នាក់​។ 

វត្ថុតាងដកហូតរួមមាន ម៉ូតូម៉ាកហុងដាប៊ីត​ ពណ៌​ខៀវ​ស​ ពាក់ស្លាកលេខ​បាត់ដំបង 1AK-7980 ចំនួន០១គ្រឿង, ម៉ូតូម៉ាកហុងដាឌ្រីម​ ពណ៌ខ្មៅ​ ស៊េរីឆ្នាំ២០១២​ ពាក់ស្លាកលេខ​ បាត់ដំបង 1N-8871​ ចំនួន​០១គ្រឿង​, កាំបិតខ្វែវដងឫស្សី​ប្រវែង ០១ម៉ែត្រ​ ០១ដើម និងដុំឥដ្ឋចំនួន០២ដុំ។

ប៉ូលិសបន្តថា មូលហេតុដែលជនសង្ស័យចំនួនពីរក្រុមខាងលើនេះមានទំនាស់ជាមួយគ្នាគឺមកពីការសរសេរខំមិន (Comment) ដៀមដាមឌឺដងដាក់គ្នាតាមរយៈបណ្ដាញសង្គម Tik tok នាពេលកន្លងមក​ ហើយក៏ផ្តើមទៅជាសកម្មភាពជាក់ស្តែងនៅលើសមរភូមិដងផ្លូវក្នុងមូលដ្ឋានខាងលើតែម្តង។

បច្ចុប្បន្ន​កម្លាំងការិយាល័យជំនាញកំពុង​កសាង​សំណុំ​រឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ ដើម្បីចាត់ការ​បន្ត​តាម​នីតិវិធី​៕


 

-->
adverise with khmeread