កម្មករចិនជាច្រើននាក់រងរបួសក្នុងការវាយប្រហារលើរោងចក្រជាច្រើនកន្លែងនៅមីយ៉ាន់ម៉ា

ស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាបាននិយាយថា កម្មករចិនជាច្រើននាក់បានរងរបួសនិងជាប់នៅក្នុងរោងចក្រ នៅពេលដែលរោងចក្រនៅសង្កាត់ Hlaing Tharyar នៃទីក្រុងយ៉ាំងហ្គោនត្រូវបានគេលួចនិងបំផ្លាញ។ នេះយោងតាម CNA ផ្សាយថ្ងៃចន្ទនេះ។

សេចក្តីថ្លែងការណ៍នៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតបាននិយាយថាស្ថានទូតបានស្នើសុំឱ្យមានការធានាសន្តិសុខឱ្យបានឆាប់រហ័ស ដោយពណ៌នាស្ថានភាពនេះថា "ធ្ងន់ធ្ងរណាស់"។ ស្ថានទូតនិយាយថា ពលរដ្ឋចិននៅក្នុងប្រទេសមីយ៉ាន់ម៉ាក៏ត្រូវបានដាស់តឿនឱ្យប្រយ័ត្នប្រយែងផងដែរ។

ដោយមិនផ្តល់ព័ត៌មានលម្អិតអំពីការរងរបួស ស្ថានទូតនិយាយថា "រោងចក្ររបស់ក្រុមហ៊ុនចិនមួយចំនួនត្រូវបានគេលួចនិងបំផ្លាញហើយកម្មករចិនជាច្រើនបានរងរបួសនិងជាប់នៅក្នុងនោះ"។

វេបសាយ Myanmar Now បានដកស្រង់សម្តីប្រជាពលរដ្ឋដែលនិយាយថា រោងចក្រចំនួន ៣ ត្រូវបានដុតបំផ្លាញនៅសង្កាត់ Hlaing Tharyar ។ គេមិនច្បាស់ទេថាតើរោងចក្រទាំងនោះរួមបញ្ចូលទាំងរោងចក្រកាត់ដេរដែលផ្តល់ហិរញ្ញប្បទានដោយចិនចំនួនពីរ ដែលទូរទស្សន៍រដ្ឋចិន CGTN បាននិយាយថាត្រូវបានគេដុតបំផ្លាញឬយ៉ាងណានោះទេ។

CGTN បានដកស្រង់សម្តីស្ថានទូតចិនប្រចាំនៅមីយ៉ាន់ម៉ាដែលអំពាវនាវសុំការជួយដូចខាងក្រោម ៖

"ចិនទទូចដល់មីយ៉ាន់ម៉ាឱ្យចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតដើម្បីបញ្ឈប់រាល់អំពើហិង្សា ដាក់ទណ្ឌកម្មលើជនល្មើសស្របតាមច្បាប់ និង ធានាសុវត្ថិភាពអាយុជីវិតនិងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននិងបុគ្គលិកចិននៅក្នុងប្រទេសមីយ៉ាន់ម៉ា"។

ក្រុមអ្នកប្រឆាំងរដ្ឋប្រហារបានរិះគន់ប្រទេសចិនដែលមិនហ៊ានចេញមុខប្រឆាំងនឹងការដណ្តើមកាន់កាប់អំណាចពីសំណាក់កងទ័ពដូចប្រទេសលោកខាងលិចបានធ្វើ។ ចិននិយាយថាអាទិភាពគឺស្ថិរភាពហើយនោះគឺជាកិច្ចការផ្ទៃក្នុងរបស់មីយ៉ាន់ម៉ា៕

-->
adverise with khmeread