នារីម្នាក់បើករថយន្តគេចពីរថយន្តមួយគ្រឿងជ្រុលបុកបង្គោលស្លាកគណបក្សប្រជាជនកម្ពុជារងការខូចខាតខ្ទេចខ្ទី

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់រួមដំណើរជាមួយយុវជន៣នាក់ទៀតបានបើករថយន្តតូយ៉ូតាព្រូស មួយគ្រឿងចេញពីក្រុងភ្នំពេញឆ្ពោះទៅទីរួមខេត្តកំពត បានគេចពីរថយន្តមួយគ្រឿងជ្រុលទៅបុកបង្គោលផ្លាកគណបក្សប្រជាជនកម្ពុជា បណ្តាលឱ្យរងការខូចខាតខ្ទេចខ្ទី ឯរថយន្តផ្ទប់ជាប់ទៅមុខលែង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពីវេលាម៉ោង១និង៣០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ ២០២១ នៅចំណុចស្តុប២៤ម៉ោងតាមបណ្តោយផ្លូវសម្ដេចជាស៊ីមកែងផ្លូវភ្នំពេញ-ហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីនារីរូបស្រស់ជាអ្នកបើកបររថយន្តបានឱ្យដឹងថា មុនកើតហេតុរូបគាត់បើករថយន្តតូយូតាព្រូសមួយគ្រឿងពណ៌ទឹកមាស ស៊េរីឆ្នាំ២០០៦ ពាក់ស្លាកលេខ ភ្នំពេញ 2Z-7432 រួមដំណើរជាមួយយុវជន៣នាក់ទៀតចេញពីម្ដុំផ្សារអ៊ីអន២ ក្នុងគោលបំណងឆ្ពោះទៅទីរួមខេត្តកំពតដោយធ្វើដំណើរតាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីទិសដៅពីកើតទៅលិច បានឆ្លងផ្លូវភ្នំពេញ-ហាណូយ ទៅផ្លូវសម្ដេចជាស៊ីម។

លុះដល់ចំណុចខាងលើក៏បានគេចពីរថយន្តមួយគ្រឿងជ្រុលចង្កូតទៅបុកបង្គោលស្លាកគណបក្សប្រជាជនកម្ពុជា បណ្ដាលឱ្យរងការខូចខាត។ ឯរថយន្តបង្កផ្ទប់ជាប់ទៅមុខលែងរួច តែសំណាងល្អក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឱ្យនរណាម្នាក់រងរបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយក រថយន្តទៅរក្សាទុកនៅអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread