បើកឡានដឹកដីជ្រុះពេញផ្លូវប៉ះពាល់សុខភាពពលរដ្ឋហើយយកដាវគំរាមកាប់ថែមទៀត

កំពត ៖ បុរសម្នាក់ត្រូវបានប៉ូលិសស្រុកទឹកឈូឃាត់ខ្លួនកាលពីថ្ងៃទី១៤មីនាឆ្នាំ២០២១ ពីបទ «ប៉ុនប៉ងប្រើហិង្សាជាមួយប្រជាពលរដ្ឋ» ប្រើដាវគំរាមកាប់ បន្ទាប់ពីបានបើកឡានដឹកដីជ្រុះពាសពេញផ្លូវមិនសម្អាត ធ្វើឱ្យប៉ះពាល់សុខភាពបលរដ្ឋ ស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ កាលពីថ្ងៃទី​១៣​ ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១ និង២៧នាទីរសៀលកន្លងទៅ។

ប៉ូលិសនិយាយថា ដំបូងប៉ូលិសខេត្ត​កំពត​ បាន​ពិនិត្យ​ឃើញ​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Samnang In បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​នៅថ្ងៃ​ទី​១៣​ ខែមីនា​ ឆ្នាំ​២០២១​ ដែល​មាន​ខ្លឹមសារ​ថា «សូមអាជ្ញាធរ​​​ ភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ជួយរកយុត្តិធម៌ឱ្យផង អ្នកបើកបរឡានមួយនេះមានទាំងដាវចង់កាប់ប្រជាពលរដ្ឋទៀតដោយសារបើកបររាល់ថ្ងៃហើយខាងក្រុមហ៊ុនមិនបាញ់ទឹកធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋខ្លាំង...»។

ប៉ូលិសបន្តថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម​ លោក​ឧត្ដមសេនីយ៍​ទោ​ ស្នង​ការ​ប៉ូលិស​ខេត្ត​ បាន​បញ្ជា​ឱ្យកម្លាំង​ប៉ូលិស​ស្រុក​ទឹក​ឈូ​ ធ្វើ​ការ​ស្រាវជ្រាវ​ជុំវិញ​ករណី​នេះ​​ មក​ដល់​ថ្ងៃ​ទី​១៤​ ខែ​មីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១០ និង១៥នាទី​ ​បានឃាត់រថយន្តសណ្តោងមួយ​ គ្រឿង​ ម៉ាក HYUNDAI ពណ៌ស ពាក់ស្លាកលេខ​ ភ្នំពេញ 3F-0713  កន្ទុយសណ្តោង ស្លាកលេខ កំពត 4A-0033។

ប៉ូលិសបានឃាត់ទាំងអ្នក​បើក​បរឈ្មោះ​ ណុល វុទ្ធី ភេទប្រុស​ អាយុ៤១ឆ្នាំ ទីលំនៅ​បច្ចុប្បន្ន​ ភូមិចង្កោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ពីបទ «ប៉ុនប៉ងប្រើហិង្សាជាមួយប្រជាពលរដ្ឋ» នៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ កាលពីថ្ងៃទី​១៣ ​ខែមីនា​ ឆ្នាំ​២០២១​ វេលា​ម៉ោង​១ និង២៧នាទីរសៀល​និង​ដកហូត​សោ (មាត់​) សម្រាប់​ដោះ​គ្រឿង​បន្លាស់​រថយន្ត។​​

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធី៕


 

-->
adverise with khmeread