ឃាត់យុវជនម្នាក់បំផ្លិចបំផ្លាញទ្រព្យក្នុងផ្ទះបន្ទាប់ម្តាយហាមមិនឱ្យទៅលេងបាល់បន្ត

ពោធិ៍សាត់ ៖ ​យុវជនម្នាក់ត្រូវបានប៉ូលិសឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាក្នុងគ្រួសារកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង៨ និង២៥នាទីយប់ នៅចំណុចភូមិដូងជ្រុំ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប៉ូលិសនិយាយថា ករណីហិង្សាខាងលើនេះបង្កឡើងដោយឈ្មោះ សែត កុសល ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិឃុំខាងលើ។

តាមការរៀបរាប់របស់ជនរងគ្រោះជាម្តាយបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានចេញពីផ្ទះទៅលេងបាល់ ,ក្រោយពីគេលេងបាល់ទាត់ចប់ក៏ត្រឡប់មកផ្ទះវិញទំនងលេងបាល់មិនទាន់អស់ចិត្ត ហើយជនសង្ស័យមកដល់ផ្ទះបានសុំទូរស័ព្ទពីម្តាយមកលេងម្តងទៀត តែគាត់ជាម្តាយមិនឱ្យលេង ពេលនោះជនសង្ស័យខឹងម្តាយយ៉ាងខ្លាំង ហើយក៏រត់ឡើងទៅលើផ្ទះបិទភ្លើង  រួចបោកចាន បោកឆ្នាំង បោកកង្ហារនិងយកកូនកាំបិតវះកាត់រហែកមុងភួយ ព្រមទាំងបំផ្លិច បំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះអស់មួយចំនួនធំទៀត។

ដោយសារតែរូបគាត់ជាម្តាយទ្រាំលែងបានប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចុះដល់កន្លែងកើតហេតុ ចាប់ជនសង្យ័យយកមកប៉ុស្តិ៍រដ្ឋបាលបឹងបត់កណ្តោលដើម្បីសួរនាំនិងចាត់ការតាមវិធានការរដ្ឋបាល៕

-->
adverise with khmeread