បុរសជាងផ្សាដែកលើកដែកបុកប៉ះខ្សែភ្លើងឆក់ស្លាប់នៅខណ្ឌដង្កោ

ភ្នំពេញ ៖ ជាងដែកម្នាក់បានស្លាប់ភ្លាមៗដោយសារឆក់ចរន្តអគ្គីសនី ខណៈកំពុងបំពេញការងារផ្សារោងឃ្លាំងដ៏ធំមួយ កាលពីវេលាម៉ោង៧ និង២០នាទីព្រឹក ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ នៅក្នុងការដ្ឋានឃ្លាំងមួយ ស្ថិតនៅភូមិដីថ្មី សង្កាត់-ខណ្ឌដង្កោ។

សមត្ថកិច្ចនិយាយថា បុរសរងគ្រោះឈ្មោះ ហ៊ាម ស៊ីដាន អាយុ៤១ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើត នៅស្រុកក្រូចឆ្មារ ខេត្តត្បូង​ឃ្មុំ និងស្នាក់នៅឯខេត្តតាកែវ ជាមួយប្រពន្ធ និងកូនតូចចំនួន២នាក់​។ 

យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងជនរងគ្រោះរួមជាមួយបងប្រុសបង្កើតឈ្មោះ ហ៊ាម ស៊ីថា និងជាងដែកម្នាក់ទៀតបានបំពេញការងារស៊ីឈ្នួល ផ្សាតម្លើងរោងឃ្លាំងឱ្យគេជាធម្មតា។ លុះដល់វេលាកើតហេតុជនរងគ្រោះកំពុងនៅខាងលើ រង់ចាំទទួលដែកពីខាងក្រោម ស្រាប់តែកំពុងទទួលបានរួចលើកបង្ហូតឡើងទៅលើបុកប៉ះជាមួយខ្សែភ្លើង បណ្ដាលផ្ទុះដាច់ខ្សែភ្លើងឆក់ស្លាប់ធ្លាក់មកក្រោមតែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចកោសល្យពិច័យបានបញ្ជាក់ថា «បុរសខាងលើ ពិតជាស្លាប់ ដោយសារឆក់ចរន្តអគ្គសនីពិតប្រាកដ​មែន»​ រួចក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី​នៅស្រុកព្រៃកប្បាស ខេត្តតាកែវ​។ ចំណែកការដ្ឋានត្រូវបានផ្អាកជាបណ្តោះអាសន្ន រង់ចាំពិនិត្យឯកសារច្បាប់សាងសង់សិន៕

-->
adverise with khmeread