អ្នកមុខចិនៗដូចជាជប៉ុនកូរ៉េសិង្ហបុរីនិងតៃវ៉ាន់ភ័យមិនស្ទើរ នាំគ្នាបង្ហូតទង់ជាតិរៀងៗខ្លួនដើម្បីកុំឱ្យច្រឡំចិន ខណៈរោងចក្រចិន ៣២ កន្លែងត្រូវគេលួចដុតឆេះនៅមីយ៉ាន់ម៉ា

ក្រុមវិនិយោគិនចិននៅក្នុងតំបន់ឧស្សាហកម្មមួយក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយកាលពីថ្ងៃចន្ទទី១៥មីនាថា ពួកគេប្រហែលជាត្រូវប្រដាប់អាវុធដោយខ្លួនឯងបន្ទាប់ពីរោងចក្ររាប់សិបត្រូវបានវាយនិងដុតបំផ្លាញកាលពីចុងសប្តាហ៍ ក្នុងការផ្ទុះកម្សួលកំហឹងប្រឆាំងចិន។

កាសែតរដ្ឋចិន Global Times ដែលមានទំនាក់ទំនងជាមួយកាសែត People's Daily បានរាយការណ៍កាលពីថ្ងៃចន្ទថា រោងចក្រដែលវិនិយោគដោយជនជាតិចិនចំនួន ៣២ កន្លែងនៅក្នុងតំបន់ឧស្សាហកម្ម Hlaingthaya ក្នុងរដ្ឋធានីយ៉ាំងហ្គោនបានរងការខូចខាតចាប់តាំងពីថ្ងៃអាទិត្យ ដោយកម្មករចិនពីរនាក់បានរងរបួស និងខាតបង់ទ្រព្យសម្បត្តិគិតជាទឹកប្រាក់ ២៤០ លានយ័ន (៣៧,៨ លានដុល្លារ) ។ 

ទូរទស្សន៍រដ្ឋចិន CGTN បានរាយការណ៍ថា អ្នកវាយប្រហារប្រដាប់ដោយដែកទីប ពូថៅ និង សាំងបានដុតនៅច្រកចូលរោងចក្រនិងឃ្លាំង។ រថយន្តនិងហាងដែលនៅក្បែរនោះក៏ត្រូវបានដុតបំផ្លាញផងដែរ។

ច្បាប់អាជ្ញាសឹកត្រូវបានដាក់លើសង្កាត់ Hlaingthaya និងសង្កាត់ជាច្រើនទៀតនៃទីក្រុងយ៉ាំងហ្គោនកាលពីយប់ថ្ងៃអាទិត្យ ប៉ុន្តែពាណិជ្ជករចិននិយាយថា រោងចក្រចិនមួយផ្សេងទៀតត្រូវបានដុតបំផ្លាញបន្ទាប់ពីច្បាប់អាជ្ញាសឹកទើបចូលជាធរមាន។

ដោយស្រង់សម្តីសមាគមផ្តល់ជំនួយដល់អ្នកទោសនយោបាយ ទីភ្នាក់ងារសារព័ត៌រ៉យទ័របានរាយការណ៍ថា កងកម្លាំងសន្តិសុខបានសម្លាប់ក្រុមបាតុករយ៉ាងតិច ២២ នាក់ដែលប្រឆាំងនឹងរដ្ឋប្រហារយោធារបស់ប្រទេសនេះនៅក្នុងតំបន់ឧស្សាហកម្មកាលពីថ្ងៃអាទិត្យ បន្ទាប់ពីរោងចក្រជាច្រើនត្រូវបានដុតបំផ្លាញ។

ម្ចាស់រោងចក្រចិនម្នាក់បាននិយាយថា ពួកដើរដុតបំផ្លាញជាង ២០ នាក់បានជិះម៉ូតូកាន់ដបសាំងនិងកាំបិតចូលទៅក្នុងរោងចក្រនៅតំបន់នោះ វាយបំផ្លាញទ្រព្យសម្បត្តិនិងលួចប្លន់មុនពេលដុតអគារទាំងនោះ។

លោក​ Lee Htay ជាជនជាតិចិនរស់នៅមីយ៉ាន់ម៉ា ដែលបើកក្រុមហ៊ុនដឹកជញ្ជូនមួយក្នុងទីក្រុងយ៉ាំងហ្គោន បារម្ភថា កុបកម្មប្រឆាំងចិនឆ្នាំ ១៩៦៧ នឹងក្លាយជាការពិតម្តងទៀត។ 

លោកនិយាយថា រោងចក្រខ្លះត្រូវបានបំផ្លាញ ទោះបីរោងចក្រទាំងនោះត្រូវបានវិនិយោគរួមគ្នាដោយពាណិជ្ជករចិននិងមីយ៉ាន់ម៉ាក៏ដោយ។ 

លោកនិយាយថា "ខ្ញុំឮក្រុមហ៊ុនជប៉ុន កូរ៉េ និងសិង្ហបុរីបង្ហូតទង់ជាតិពួកគេឡើងលើដើម្បីព្យាយាមប្រាប់ហ្វូងមនុស្សថា ពួកគេមិនមែនជាគោលដៅវាយប្រហារទេ"។ 

ការិយាល័យតំណាងតៃវ៉ាន់នៅមីយ៉ាន់ម៉ាបានណែនាំក្រុមហ៊ុនខ្លួនដែលរកស៊ីនៅប្រទេសនេះបង្ហូតទង់ជាតិរបស់កោះនេះ និង លើកស្លាកជាអក្សរមីយ៉ាន់ម៉ាថាពួកគេមកពីតៃវ៉ាន់ដើម្បីកុំឱ្យច្រឡំជាមួយចិន៕

-->
adverise with khmeread