ហូឡង់ផ្អាកចាក់វ៉ាក់សាំង Oxford-AstraZeneca ទោះបី WHO ថាវាមានសុវត្ថិភាពនិងមិនជាប់ទាក់ទងនឹងកំណកឈាមក៏ដោយ

ហូឡង់បានក្លាយជាប្រទេសចុងក្រោយបង្អស់ក្នុងទ្វីបអឺរ៉ុប ដែលផ្អាកការប្រើប្រាស់វ៉ាក់សាំងកូរ៉ូណា Oxford-AstraZeneca ជុំវិញការព្រួយបារម្ភអំពីផលប៉ះពាល់ដែលអាចកើតមាន។

អង្គការសុខភាពពិភពលោក (WHO) និងទីភ្នាក់ងារឱសថអឺរ៉ុប (EMA) និយាយថា មិនមានការបង្ហាញពីការផ្សារភ្ជាប់គ្នារវាងវ៉ាក់សាំងនិងរបាយការណ៍នៃកំណកឈាមនោះទេ។

រហូតមកទល់ពេលនេះមានប្រទេសចំនួន ៨ ដែលបានបញ្ឈប់ការចាក់វ៉ាក់សាំង AstraZeneca យ៉ាងពេញលេញ។

WHO បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា វាមានសារៈសំខាន់ណាស់ដែលយុទ្ធនាការចាក់វ៉ាក់សាំងត្រូវបន្តទៅមុខទៀត។

WHO និយាយទៀតថា "វាជារឿងធម្មតាទេដែលប្រទេសទាំងឡាយបង្ហាញសញ្ញាបារម្ភអំពីផលប៉ះពាល់។ នេះមិនមានន័យថាព្រឹត្តិការណ៍ទាក់ទងនឹងការចាក់វ៉ាក់សាំងនោះទេ ប៉ុន្តែវាជាការអនុវត្តល្អដើម្បីស៊ើបអង្កេតវ៉ាក់សាំង"។

មនុស្សប្រមាណ ១៧ លាននាក់នៅសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសបានទទួលវ៉ាក់សាំងមួយដូសរួចហើយ ដោយមានករណីកកឈាមតិចជាង ៤០ ត្រូវបានរាយការណ៍មកកាលពីសប្តាហ៍មុន។

ក្រុមអ្នកជំនាញបាននិយាយថា ចំនួននៃការកកឈាមដែលត្រូវបានរាយការណ៍ បន្ទាប់ពីការចាក់វ៉ាក់សាំងមិនមានច្រើនជាងចំនួនដែលបានរាយការណ៍ជាធម្មតាក្នុងចំណោមប្រជាជនទូទៅនោះទេ។

រដ្ឋាភិបាលហូឡង់បាននិយាយថា ការផ្អាករបស់ខ្លួន ដែលនឹងមានរយៈពេលរហូតដល់ថ្ងៃទី ២៩ ខែមីនាគឺជាការប្រុងប្រយ័ត្ន៕ ប្រភព ៖ BBC


 

-->
adverise with khmeread