ប្តីប្រចណ្ឌប្រពន្ធទាញកាំបិតផ្គាក់កាប់,នាងខំគេចក៏ត្រូវចំជីតារបួសធ្ងន់

កោះកុង ៖ មានករណីប្រើអំពើហិង្សាក្នុងគ្រួសារ ប្តីប្រចណ្ឌប្រពន្ធទាញកាំបិតផ្គាក់កាប់ នាងខំគេចក៏ត្រូវចំជីតារបួសធ្ងន់កើតឡើងនៅចំណុចខ្មែរលើ ភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុក-ខេត្តកោះកុង នៅថ្ងៃទី១៤​ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៣០នាទីយប់។

សមត្ថកិច្ចនិយាយថា អំពើហិង្សាខាងលើនេះបង្កឡើងដោយឈ្មោះ ញឹក ឌឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង បានផឹកស្រាស្រវឹងហើយប្រចណ្ឌប្រពន្ធឈ្មោះ ហ៊ីង ហំ ភេទស្រី ​អាយុ៣២ឆ្នាំថា «មានសាហាយ» មានទីលំនៅដូចគ្នាហើយបានយករណាកន្ទុយត្រីអារកប្រពន្ធ, តែនាងបានយកដៃរងធ្វើឱ្យមានស្នាមរបួសត្រង់កដៃទាំងពីរ។

បន្ទាប់មកប្រពន្ធក៏បានរើរួចហើយរត់ទៅផ្ទះឈ្មោះ ហម ឃួន ភេទប្រុស អាយុ៧៨ឆ្នាំ ត្រូវជាជីតារបស់នាងដើម្បីឱ្យគាត់ជួយពេលនោះឈ្មោះញឹក ឌឿនក៏បានដើរទៅតាមក្រោយដោយមានកាន់កាំបិតផ្គាក់ទៅជាមួយ។ ពេលទៅដល់ជីតាក៏បានសួរនាំរកមូលហេតុតែឈ្មោះ ញឹក ឌឿន មិនបានតបនោះទេ ​ក៏បានយកកាំបិតផ្គាក់កាប់បំផ្លិចបំផ្លាញរបស់របរជីតារួចកាប់ទៅលើប្រពន្ធដែលកំពុងអង្គុយនៅជាមួយជីតា, តែប្រពន្ធបានគេចផុតក៏ត្រូវជីតាត្រង់ក្បាលជង្គង់ខាងឆ្វេងមួយកាំបិតរបួស រួចហើយជនសង្ស័យបានគេចខ្លួនបាត់។ ក្រោយមកឈ្មោះ ហ៊ី ​ហំ ក៏បានបញ្ជូនជីតាមកកាន់មន្ទីពេទ្យបង្អែកស្រុកដើម្បីព្យាបាលរបួស។

បច្ចុប្បន្នករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យយកមកផ្តន្ទាទោសទៅតាមច្បាប់៕


 

-->
adverise with khmeread