ប្អូនស្រីគីមជុងអ៊ុនព្រមានអាមេរិកកុំឱ្យធ្លាយក្លិនរំសេវស្អុយមកដល់ទឹកដីកូរ៉េខាងជើង បើចង់បានសន្តិភាព

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃអង្គារនេះថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង នាង គីម យ៉ូជុង រិះគន់សមយុទ្ធយោធាដែលកំពុងបន្តនៅកូរ៉េខាងត្បូងនិងព្រមានរដ្ឋបាលថ្មីរបស់អាមេរិកកុំឱ្យ "បង្កក្លិនស្អុយរបស់រំសេវ" ប្រសិនបើខ្លួនចង់បានសន្តិភាព។

សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃមុនពេលដែលប្រមុខការទូតកំពូលនិងរដ្ឋមន្ត្រីការពារជាតិអាមេរិកគ្រោងនឹងមកដល់ទីក្រុងសេអ៊ូលសម្រាប់កិច្ចពិភាក្សាលើកដំបូងជាមួយសមភាគីកូរ៉េខាងត្បូង។

នាងគីមនិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA ថា "យើងឆ្លៀតយកឱកាសនេះព្រមានរដ្ឋបាលថ្មីរបស់អាមេរិកដែលកំពុងព្យាយាមជះក្លិនរំសេវមកលើទឹកដីរបស់យើង។ ប្រសិនបើអាមេរិកចង់ដេកលក់ស្រួលរយៈពេល ៤ ឆ្នាំខាងមុខ អាមេរិកគួរតែចៀសវាងបង្កឱ្យមានក្លិនស្អុយនៅជំហានដំបូងរបស់ខ្លួន"។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin កំពុងធ្វើដំណើរមកទ្វីបអាស៊ីនៅសប្តាហ៍នេះដើម្បីពិភាក្សាអំពីគោលនយោបាយការបរទេសនិងសន្តិសុខជាមួយសម្ព័ន្ធមិត្តនៅក្នុងប្រទេសជប៉ុននិងកូរ៉េខាងត្បូង។

សេតវិមានបាននិយាយកាលពីថ្ងៃចន្ទថាកូរ៉េខាងជើងបានបដិសេធនូវការអង្វរពីសហរដ្ឋអាមេរិកក្នុងការចូលរួមការសន្ទនា ខណៈភាពរំជើបរំជួលនៅក្នុងទំនាក់ទំនងដែលបានចាប់ផ្តើមនៅក្រោមជំនាន់ប្រធានាធិបតីដូណាល់ ត្រាំបានបន្លាយដល់ជំនាន់ប្រធានាធិបតីចូ បាយដិន៕

-->
adverise with khmeread