ក្រសួងកិច្ចការនារី «កំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធលើករណីឧកញ៉ា ឌួង ឆាយ ប្រើអំពើ ហិ ង្សា លើអតីតភរិយា»

ភ្នំពេញ ៖ ​ក្រសួងកិច្ចការនារី បាននិងកំពុងធ្វើការងារជាមួយនឹងក្រសួងពាក់ព័ន្ធលើករណីលោកឧកញ៉ា ឌួង ឆាយ ដែលបានប្រើប្រាស់អំពើហិង្សា លើអតីតភរិយារបស់លោក គឺលោកស្រី ដេត ម៉ាលីណា។

លោកជំទាវ ម៉ាន ចិន្តា ​រដ្ឋលេខាធិការ ទទួលបន្ទុកព័ត៌មាននិងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី នៃក្រសួងកិច្ចការនារី បានលើកឡើងនៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ «បន្ទាប់ពីបានមើលវីដេអូនេះ យើងមានការអាណិតអាសូរដល់ជនរងគ្រោះ ហើយក៏មានការភ្ញាក់ផ្អើល, យើងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធលើករណីនេះ»។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥​ ខែមីនាម្សិលមិញ, លោកស្រី ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅលើបណ្តាញសង្គម Facebook ស្តីពីសកម្មភាពប្រើប្រាស់អំពើហិង្សារបស់លោកឧកញ៉ា ឌួង ឆាយ ទៅលើរូបខ្លួនភ្ជាប់ទៅនឹងចំណងជើងដោយបង្ហាញការឈឺចាប់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត។

លោកស្រីបានលើកឡើងថា «រយៈពេល១៣ឆ្នាំកន្លងមកនេះ គឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិង្សា នៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើង មកគម្រាមសម្លាប់ទៀតផង...។ល។»។

តាមរយៈវីដេអូ និងចំណងជើងនេះ បានធ្វើឱ្យមហាជនមានការអាណិតអាសូរយ៉ាងខ្លាំង លើលោកស្រីដេត ម៉ាលីណា និងបង្ហាញការរិះគន់យ៉ាងចាស់ដៃលើរូបឧកញ៉ា ឌួង ឆាយ ចំពោះការប្រើប្រាស់អំពើហិង្សានេះ។

សូមបញ្ជាក់ដែរថា ករណីនេះក៏មានការដឹងឮដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ​តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច, សម្តេចបានបញ្ចេញមតិ នៅលើវីដេអូនោះថា «ហេតុអ្វីដួង ឆាយ ឃោឃៅដល់កម្រិតនេះ?»។

ជាមួយគ្នានោះ លោកឧកញ៉ា ឌួង ឆាយ នៅលើទំព័រ Facebook របស់ខ្លួនកាលពី យប់មិញ, បានបង្ហោះដែរថា «ខ្ញុំនឹងឡាយវីដេអូបកស្រាយស្អែកម៉ោង៨យប់, សូមពូមីង ស្តាប់ការបកស្រាយរបស់ខ្ញុំសិន រួចពិចារណាតាមការគួរ»៕ (ប្រភព៖ CNC)


 

-->
adverise with khmeread