អង់គ្លេសនឹងបង្កើនអាវុធប្រល័យលោកជាង ៤០ ភាគរយ ហើយព្រមានប្រើវាក្នុងពេលអនាគត ប្រសិនបើខ្លួនរងការគំរាមវាយប្រហារដោយអាវុធគីមីឬជីវសាស្ត្រ

ចក្រភពអង់គ្លេសនឹងបង្កើនការស្តុកទុកអាវុធនុយក្លេអ៊ែរជាង ៤០ ភាគរយហើយអាចប្រើវា ប្រសិនបើអង់គ្លេសរងការគំរាមវាយប្រហារដោយអាវុធគីមីឬជីវសាស្ត្រឬប្រភេទអាវុធមិនទាន់ដឹងណាមួយនាពេលអនាគត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី១៦មីនា។

លោកនាយករដ្ឋមន្ត្រីបូរីស ចនសុនបានប្រកាសកាលពីថ្ងៃអង្គារថា ឯកសារស្តីពីការត្រួតពិនិត្យសមាហរណកម្មបានបង្កើនដែនកំណត់លើចំនួនក្បាលគ្រាប់នុយក្លេអ៊ែរ Trident ពី ១៨០ គ្រាប់ដល់កម្រិតអតិបរមា ២៦០ គ្រាប់។

ឯកសារគោលនយោបាយដែលគេរង់ចាំជាយូរនេះព្រមានដល់សត្រូវរបស់ចក្រភពអង់គ្លេសថា ខ្លួនរក្សាសិទ្ធិក្នុងការការពារខ្លួនប្រឆាំងនឹងគូប្រជែងដែលមិនមានអាវុធនុយក្លេអ៊ែរ ប្រសិនបើមានការគំរាមកំហែងណាមួយរួមទាំងសត្រូវដែលមាន "បច្ចេកវិជ្ជាដែលកំពុងរីកចម្រើនថ្មីៗ"។

ការព្រមានយ៉ាងខ្លាំងនេះបានកើតឡើងនៅក្នុងឯកសារពិនិត្យឡើងវិញមួយ ដែលបានព្រមានផងដែរថាវាទំនងជាអង្គការភេរវកម្មដែលនឹងបើកការវាយប្រហារដោយអាវុធគីមី ជីវសាស្រ្ត និង នុយក្លេអ៊ែរ (CBRN) មុនឆ្នាំ ២០៣០ ។

វិមានរដ្ឋាភិបាល Downing Street បានបដិសេធការលើកឡើងថា ការសម្រេចចិត្តក្នុងការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែររបស់អង់គ្លេសគឺរំលោភលើកាតព្វកិច្ចសន្ធិសញ្ញាអន្តរជាតិ។

អ្នកនាំពាក្យផ្លូវការរបស់នាយករដ្ឋមន្រ្តីនិយាយថា "សន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរមិនតម្រូវឱ្យយើងកាត់បន្ថយចំនួនក្បាលគ្រាប់ទេ។ រាល់សកម្មភាពរបស់យើងគឺស្របនឹងកាតព្វកិច្ចនៃសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែររបស់យើង"។

អ្នកនាំពាក្យបានបន្ថែមទៀតថា "ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះយើងឃើញប្រទេសដែលមានអាវុធនុយក្លេអ៊ែរមិនអើពើនឹងបទដ្ឋានអន្តរជាតិទេ។ វានៅតែជាករណីដែលយើងជឿថាវិធីល្អបំផុតដើម្បីការពារខ្លួនយើងនិងសម្ព័ន្ធមិត្តណាតូរបស់យើងគឺត្រូវធានាថា យើងបន្តមាននុយក្លេអ៊ែរឯករាជ្យគួរឱ្យទុកចិត្តបានដើម្បីការពារខ្លួន"៕

-->
adverise with khmeread