អារ៉ាប់រួមអេមីរ៉ាត់ប្រើដ្រូនបាចពូជឈើមួយប្រភេទលើដីខ្សាច់ ដុះបាន ១០.០០០ ដើមហើយ ខណៈ២ឆ្នាំទៀតនឹងមាន១លានដើម

ដើមឈើ Ghaf ប្រហែល ១០.០០០ ដើមនឹងបង្កើតក្រវាត់បៃតងលើវាលខ្សាច់ Mleiha របស់អារ៉ាប់រួមអេមីរ៉ាត ដោយសារតែដ្រូនបច្ចេកវិជ្ជាខ្ពស់ ដែលបានបំពេញការងារសាបព្រោះគ្រាប់ពូជឈើក្នុងរយៈពេលតែពីរបីម៉ោង។ ដោយយកបច្ចេកវិជ្ជានេះទៅមុខឱ្យកាន់តែឆ្ងាយថែមទៀតនោះ ក្រុមហ៊ុនទើបចាប់ផ្តើមថ្មីថ្មោងមួយនៅពីក្រោយគម្រោងនេះឥឡូវកំពុងត្រៀមខ្លួនដាំដើមឈើផ្សេងជាច្រើនទៀតក្រៅពីឈើ Ghaf។

ជាធម្មតាគេត្រូវចំណាយពេលរាប់ខែដើម្បីដាំដើមឈើរាប់ពាន់ដើមនៅលើវាលខ្សាច់ដោយដៃ។ ប៉ុន្តែក្រុមហ៊ុនបច្ចេកវិជ្ជាដែលមានមូលដ្ឋាននៅទីក្រុងឌូបៃឈ្មោះថា Cafu បានរកឃើញវិធីមួយដើម្បីពន្លឿនដំណើរការទាំងមូលដោយប្រើដុំគ្រាប់ពូជពិសេស។ បន្ទាប់មក ដុំគ្រាប់ពូជទាំងនោះត្រូវបានពង្រាយទៅលើវាលខ្សាច់ដោយដ្រូនដ៏ទំនើបបំផុត។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Cafu បានប្រកាសគម្រោងការធំរបស់ខ្លួនដើម្បីដាំដើមឈើ Ghaf ចំនួនមួយលានដើមតាមរយៈដ្រូនក្នុងរយៈពេលពីរឆ្នាំ។ កាលពីថ្ងៃចន្ទទី១៥មីនាឆ្នាំ២០២១ ក្រុមហ៊ុននិយាយថាខ្លួនបានដាំដើមឈើនេះរួចរាល់ចំនួន ១០.០០០ ដើមលើវាលខ្សាច់ក្នុងឆ្នាំនេះ។ ចាប់តាំងពីពួកគេបានចាប់ផ្តើមគម្រោងដាំដើមឈើនេះមក ក្រុមហ៊ុនបានបង្កើតបច្ចេកវិជ្ជាថ្មីជាបន្តបន្ទាប់។ ឥឡូវនេះ ក្រុមហ៊ុនកំពុងប្រើយន្ដការដាំដើមឈើតាមរបៀបនេះដំបូងគេលើពិភពលោក ដែលរចនាឡើងដោយវិស្វកររបស់ក្រុមហ៊ុន Cafu ។

គម្រោងបណ្តុះគ្រាប់ពូជដើមឈើ Ghaf គឺជាគំនិតរបស់លោក Rashid Al Ghurair ជាស្ថាបនិកនិងជានាយកប្រតិបត្តិក្រុមហ៊ុន Cafu ៕

-->
adverise with khmeread