បុរសម្នាក់បើកម៉ូតូលឿនពេកបុកពីក្រោយរថយន្តធុនធំដឹកដែករបួសធ្ងន់នៅខណ្ឌសែនសុខ

ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ធ្ងរ បន្ទាប់ពីបើកម៉ូតូយ៉ាងលឿនពេកមិនប្រយ័ត្ន ជ្រុលទៅបុករថយន្តធុនធំពីក្រោយពេញទំហឹង កាលពីវេលាម៉ោង៨និង១០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចមុខក្លោងទ្វារវត្តសំរោងអណ្តែត តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវលេខ៩២ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តមានម៉ាក SAMSUNG ស៊េរីឆ្នាំ១៩៩០ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 5A-0197 ជាប្រភេទរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនស៊ីម៉ង់ត៍អូត អ្នកបើកបររត់បាត់។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FZ-1997 បើកបរដោយបុរសម្នាក់មិនទាន់ស្គាល់ឈ្មោះរងរបួសធ្ងន់។

ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងគេឃើញរថយន្តធុនធំ របស់ក្រុមហ៊ុនស៊ីម៉ង់ត៍អូត ដឹកដែកពេញបានបើកតាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយទិសដៅពីត្បូងទៅជើង, កំពុងតែបើកសុខៗក៏ស្រាប់តែមានបុរសម្នាក់បើកម៉ូតូហុងដាឌ្រីមយ៉ាងលឿនស្របទិសគ្នាមកបុកពីក្រោយពេញទំហឹង បណ្ដាលឱ្យដួលរងរបួសធ្ងន់ត្រូវបានអ្នកលក់បាយឆាខលហៅរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញមូលដ្ឋានបានមកដល់កន្លែងកើតហេតុបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងមកវាស់វែង យកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread