រថយន្តធំបុករថយន្តតូចខ្ទាតឡើងលើសួនចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវថែមទៀត

ភ្នំពេញ ៖ រថយន្ត RAV4 បានរងការខូចខាតយ៉ាងដំណំ ​បន្ទាប់ពីមានបុរសម្នាក់បើករថយន្តដឹកទំនិញធុនធំមួយគ្រឿងជ្រុលបុកចំហៀង បណ្ដាលឱ្យរថយន្តនេះខ្ទាតឡើងលើសួនចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវកំពិតអស់មួយដើម និងរបួសស្រាលបុរសម្នាក់ រួចរថយន្តដឹកទំនិញព្យាយាមបើករត់ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់បានមកវិញ។

ហេតុការណ៍គ្រោះថ្នាក់ខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១១​ និង២០នាទីយប់ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ ២០២១ នៅត្រង់ចំណុចប៉ុស្តិ៍២៤ម៉ោង តាមបណ្ដោយផ្លូវភ្នំពេញ-ហាណូយ កែងផ្លូវឧកញ៉ាម៉ុងរិទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត RAV4 ពណ៌សំបកឪឡឹកមួយគ្រឿងពាក់ស្លាកលេខស្វាយរៀង 2A-1030 ធ្វើដំណើរតាមបណ្តោយផ្លូវសម្ដេចជាស៊ីមក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុខាងលើឆ្លងផ្លូវភ្នំពេញ-ហាណូយមកផ្លូវឧកញ៉ាម៉ុងរិទ្ធី ក៏មានរថយន្តប្រភេទធុនធំដឹកទំនិញមួយគ្រឿង ក្បាលពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3C-5797 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ទិសដៅពីត្បូងទៅជើង ជ្រុលទៅបុកពីចំហៀងខាងស្ដាំរថយន្ត RAV4 ពេញទំហឹង បណ្ដាលឱ្យរថយន្តនេះខ្ទាតឡើងលើសួនចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវកំពិតអស់មួយដើមទៀតទៅមុខលែងរួច និងរងការខូចខាត, សំណាងល្អអ្នកបើកបររងរបួសស្រាល។

ភ្លាមនោះរថយន្តដឹកទំនិញមិនបានឈប់នៅកន្លែងកើតហេតុនោះទេបានព្យាយាមបើករត់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខដេញចាប់រហូតដល់ចំណុចមុខសាលាបឋមសិក្សាឃ្មួញទើបឃាត់បានរថយន្ត និងតែកុងរួចបញ្ជូនខ្លួនមកអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខធ្វើការសួរនាំភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំង ពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

-->
adverise with khmeread