រថយន្ត Lexus GS300 បើកបុករបាំងថ្មពុះចែកទ្រូងផ្លូវខូចខាតខ្ទេចខាងមុខ

ភ្នំពេញ​ ៖ រថយន្ត LexusGS300 ខូចខាតផ្នែកខាងមុខមើលលេងយល់ បន្ទាប់ពីមានបុរសម្នាក់និងរួមដំណើរដោយបុរសម្នាក់ បានបើករថយន្តក្នុងល្បឿនលឿនវ៉ាជែងមិនប្រយ័ត្នជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យតៃកុងទាំងអ្នករួមដំណើររងរបួសស្រាល​។
 
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១​និង៤០នាទីយប់ថ្ងៃអង្គារ ទី១៦​ ខែមីនា​ ឆ្នាំ​២០២១​ នៅចំណុចមុខរោងចក្រអគ្គិសនីកម្ពុជា​ទី២​ តាមបណ្ដោយផ្លូវជាតិលេខ២​  សង្កាត់ចាក់អង្រែលើ​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។ 

​តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ រថយន្តបង្កម៉ាកLexusGS300 ពណ៌ត្រីអ៊ី ពាក់ស្លាកលេខខេមរភូមិន្ទ​ 08.2.3480 រងរបួសស្រាលបុរសទាំងពីរនាក់មិនទាន់ស្គាល់ឈ្មោះ។ ដំបូងមានរថយន្ត LEXUS GS300 បើកបរដោយបុរសម្នាក់​និងអ្នករួមដំណើរបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ២​ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន​។

ខណៈមកដល់ចំណុចកើតហេតុខាងលើតៃកុងបានបើកវ៉ាជែងម៉ូតូមួយគ្រឿង​ក៏ជ្រុលចង្កូតមកឆ្វេងដៃបុករបាំងថ្មពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបាក់បែករបាំងថ្មបន្តិចបន្ទួច​បណ្ដាលឱ្យរថយន្តខ្ទេចផ្នែកខាងមុខបែកម៉ាស៊ីនហូរប្រេងពេញផ្លូវស្ទើរតែទាំងស្រុង​។ ឯអ្នកបើកបរនិងអ្នកដំណើររងរបួសខ្លួនប្រាណតិចតួចត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យដើម្បីលាង របួស។ 

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានមកដល់​ រួចទាក់ទងទៅខាងជំនាញចរាចរណ៍ផ្លូវគោក​រាជធានីភ្នំពេញ​មកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុក​ដើម្បីរង់ចាំដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ​៕​

-->
adverise with khmeread