លោកមេប៉ុស្តិ៍ព្រែកថ្មី ត្រូវបុរសម្នាក់វាយឱ្យរបួស ខណៈចុះទៅអប់រំណែនាំកុំឱ្យបន្តចាក់ធុងបាស់

ភ្នំពេញ ៖ លោកមេប៉ូលិសប៉ុស្តិ៍ព្រែកថ្មី ត្រូវបានបុរសម្នាក់វាយឱ្យរបួស ខណៈចុះទៅអប់រំណែនាំកុំឱ្យបន្តចាក់ធុងបាស់ច្រៀងរំខានដល់អ្នករស់នៅជិតខាង នៅចំណុចមុខផ្ទះជួល ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាថ្ងៃទី១៦ មីនា ឆ្នាំ២០២១ វេលាម៉ោង៧យប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ម៉ៅ ស៊ីវន ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នាយប៉ូលិសប៉ុស្តិ៍ព្រែកថ្មី ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ របួសកែងដៃឆ្វេង និងធាក់ចំពោះ។ ចំណែកជនសង្ស័យឈ្មោះឡេង ប៊ុនលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ត្រូវបានឃាត់ខ្លួន។

ប៉ូលិសបន្តថា មុនពេលកើតហេតុជនសង្ស័យនិងមិត្តភក្តិនាំគ្នាផឹកស៊ី និងចាក់ធុងបាស់នៅចំណុចកើតហេតុរំខានដល់អ្នកជិតខាង ពេលនោះជនរងគ្រោះជានាយប៉ុស្តិ៍ព្រែកថ្មី ដឹកនាំកម្លាំងចុះទៅអប់រំណែនាំក៏ទាស់ពាក្យសម្តីគ្នា ស្រាប់តែជនសង្ស័យស្ទុះមកវាយជនរងគ្រោះ ០១ដៃចំសៀតថ្កាខាងឆ្វេងដួលលើផ្លូវបេតុង របួសកែងដៃឆ្វេង និងធាក់ចំពោះ។

ភ្លាមនោះសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យបញ្ជូនមកអធិការដ្ឋាន ប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕


 

-->
adverise with khmeread