បំបែកសំណុំរឿង ចាប់ឃាតក២នាក់អារកនិងកាប់សម្លាប់មេការរថយន្តដឹកដីម្នាក់ប្លន់

ភ្នំពេញ ៖ ឃាតក២នាក់ត្រូវបានប៉ូលិសចម្រុះចាប់ខ្លួន ក្រោយពីបានធ្វើសកម្មភាពអារកនិងកាប់សម្លាប់មេការរថយន្តដឹកដីម្នាក់ប្លន់ នៅចំណុចដីឡូត៍គ្មានលេខ ផ្លូវថៃហ្គ័រ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ មីនា ឆ្នាំ២០២១វេលាម៉ោងប្រមាណ៩ និង ៣០នាទីយប់ បន្ទាប់ពីបានរកឃើញសពជនរងគ្រោះថ្ងៃទី១៣ មីនា ឆ្នាំ២០២១ ម៉ោង៦ និង ៤០នាទីព្រលប់។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សៅ ត្រឿន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការរថយន្តដឹកដី ស្នាក់នៅភូមិរបោះ អង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យដែលបានឃាត់ខ្លួន២នាក់រួមមាន ១-ឈ្មោះ ម៉ៅ រដ្ឋា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកទឹកសុទ្ធ ស្នាក់នៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ និង២-ឈ្មោះ ម៉េង ណាឃីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករឃ្លាំងអេតចាយ ស្នាក់នៅភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះ (ភេទទី៣) ជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ស្លាកលេខ ត្បូងឃ្មុំ ១H-១៤០៦ ឌុបជនសង្ស័យឈ្មោះ ម៉េង ណាឃីម មកដល់ទីតាំងកើតហេតុ ឈ្មោះម៉េង ណាឃីម ក៏ទូរសព្ទ័ហៅជនសង្សយ័ឈ្មោះម៉ៅ រដ្ឋា នាំគ្នាវ៉ៃជនរងគ្រោះយកទ្រព្យសម្បត្តិតែម្តង។

ពេលនោះឈ្មោះ ម៉េង ណាឃីម ចាប់ជនរងគ្រោះឱបពីក្រោយ រួចឈ្មោះ ម៉េង រដ្ឋា យកកូនកាំបិតចាក់ជនរងគ្រោះជាច្រើនកាំបិតចំដើមទ្រូងដួលលើដី  រួចអារកជនរងគ្រោះឱ្យស្លាប់ ប្លន់យកទ្រព្យសម្បត្តិរួមមាន ម៉ូតូ០១គ្រឿង (ម៉ាកខាងលើ), ទូរស័ព្ទដៃ០១គ្រឿង ម៉ាក Oppo ពណ៌បៃតង ប្រើលេខស៊ីម ០៨១៥៦៥៧៦៨,  ខ្សែដៃប្លាទីន, ចិញ្ជៀនប្លាទីនដាំត្បូងពណ៌ស១វង់, ខ្សែកប្លាទីន១ខ្សែ និងលុយ៤០០ដុល្លារ នាំគ្នាគេចខ្លួន។ 

លុះដល់ថ្ងៃទី ១៦ មីនា ឆ្នាំ២០២១ ម៉ោង១០ព្រឹក ប៉ូលិសខណ្ឌច្បារអំពៅ សហការជាមួយប៉ូលិសការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញ, កម្លាំងប៉ូលិសនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងកម្លាំងប៉ូលិសខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យឈ្មោះម៉េង រដ្ឋា នៅសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រួចបន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ ម៉េង ណាឃីម នៅស្រុកគីរីវង្ស ខេត្តតាកែវ ដកហូតម៉ូតូ១គ្រឿង, ទូរស័ព្ទ១គ្រឿង និងខ្សែដៃប្លាទីន១ខ្សែ (របស់ជនរងគ្រោះ) ប្រគល់ឱ្យប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការបន្ត៕


 

-->
adverise with khmeread