ប្រមុខរដ្ឋស្តីទីទូលស្នើសុំបញ្ចប់គោរមងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ទូលស្នើសុំបញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ាឌួង ឆាយ ពាក់ព័ន្ធប្រើអំពើហិង្សាលើអតីតភរិយា បន្ទាប់ពីមានសំណើសម្តេចតេជោហ៊ុន សែនសុំបញ្ចប់ងារពី «ឧកញ៉ា» ។

សម្តេចប្រមុខរដ្ឋស្តីទី នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា «សូមក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់»។

សារលិខិតបន្តថា ទូលព្រះបង្គំជាខ្ញុំ សូមព្រះរាជានុញ្ញាតទូលថ្វាយព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាជ្រាបថា សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើសំណើលេខ ២១០ លស ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ មកទូលព្រះបង្គំជាខ្ញុំ ដើម្បីស្នើសុំបញ្ចប់គោរមងារ ឧកញ៉ា ឌួង ឆាយ»។

អាស្រ័យដូចបានក្រាបបង្គំទូលថ្វាយខាងលើ សូមព្រះករុណាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ទ្រង់ព្រះរាជមេត្តាប្រោសប្រទានព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់ ដោយព្រះរាជហឫទ័យអនុគ្រោះ។ សូមព្រះករុណាជាទីគោរពសក្ការៈ ទ្រង់ព្រះរាជមេត្តាពីទូលព្រះបង្គំជាខ្ញុំ។

ខណៈពេលនេះដែរក្រសួងកិច្ចការនារី បាននិងកំពុងចាត់ការជាមួយក្រសួងនិងសមត្ថកិច្ចពាក់ព័ន្ធលើករណីលោកឧកញ៉ា ឌួង ឆាយ ដែលបានប្រើប្រាស់អំពើហិង្សាទៅលើអតីតភរិយារបស់លោក គឺលោកស្រី ដេត ម៉ាលីណា។

សូមបញ្ជាក់ថា តាមរយៈវីដេអូកាលពីពេលថ្មីៗនេះ អ្នកតាមដានតាមបណ្តាញសង្គមបានមើលឃើញយ៉ាងច្បាស់ ពីសកម្មភាពប្រើអំពើហិង្សាដែលប្រព្រឹត្តដោយលោកឧកញ៉ាឌួង ឆាយ ទៅលើអតីតភរិយា ដែលបានបង្ហាញពីភាពឃោរឃៅសាហាវយង់ឃ្នង និង ប្រើប្រាស់កាំភ្លើងប្រមាថបាញ់សម្លាប់ភរិយាចោលនៅចំពោះមុខកូនតូចៗស្រែកទ្រហោយំកងរំពង មើលទៅបុគ្គលរូបនេះចាត់ទុកកម្ពុជា ជាប្រទេសគ្មានច្បាប់។ 

ចំណែកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏មានប្រសាសន៍លើកឡើងថា «ហេតុ​អី​ឌួង​ ឆាយ​ ឃោរឃៅ​ដល់កំរឹតនេះ​ ?»។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ លោកស្រី ដេត ម៉ាលីណា អតីតភរិយាលោកឧកញ៉ា ឌួង ឆាយ បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាព នៅលើបណ្តាញសង្គម Facebook ស្តីពីសកម្មភាពប្រើប្រាស់អំពើហិង្សា របស់លោកឧកញ៉ា ឌួង ឆាយ ទៅលើរូបខ្លួន ភ្ជាប់ទៅនឹងចំណងជើងដោយបង្ហាញការឈឺចាប់ ទាំងផ្លូវកាយ និងផ្លូវចិត្ត។

លោកស្រីបានលើកឡើងថា «រយៈពេល១៣ឆ្នាំកន្លងមកនេះ គឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិង្សា នៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើង មកគម្រាមសម្លាប់ទៀត»។ល។

តាមរយៈវីដេអូ និងចំណងជើងនេះ បានធ្វើឲ្យមហាជន មានការអាណិតអាសូរយ៉ាងខ្លាំង លើលោកស្រី ដេត ម៉ាលីណា និងបង្ហាញការរិះគន់យ៉ាងចាស់ដៃ លើរូបឧកញ៉ាឌួង ឆាយ ចំពោះការប្រើប្រាស់អំពើហិង្សានេះ ជាមួយនឹងកាំភ្លើងថែមទៀត។

តាមរយៈវីដេអូប៉ុន្មានជា១ម៉ោង មន្ត្រីប៉ូលិសយុត្តិធម៌ តំណាងអយ្យការ និងស្ថាប័នពាក់ព័ន្ធ អាចចាត់ការក្នុងបទល្មើសព្រហ្មទណ្ឌ ទៅលើលោកដួង ឆាយ ខណៈប្រើអំពើហិង្សាគ្រួសារក្នុងគ្រួសារចំពោះមុខកូនៗ នៅតូចៗ និងប្រើប្រាស់កាំភ្លើង។ ជាពិសេស ការប្រើប្រាស់អាវុធនេះ តើលោកឌួង ឆាយ មានច្បាប់អនុញ្ញាតដែរឬទេ ហើយនៅក្នុងអង្គភាពណា និងមានតួនាទីជាអ្វី ? បើជាជនស៊ីវិលហេតុអីមានអាវុធប្រើ ?

ក្រសួងកិច្ចការនារី ក៏បានអំពាវនាវដល់ជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ អំពើរំលោភសេពសន្ថវៈ អំពើជួញដូរមនុស្ស និងអំពើរំលោភបំពាន និងបៀតបៀនផ្លូវភេទគ្រប់ទម្រង់និងគ្រប់រូបភាពផ្សេងៗ និងអ្នកបានដឹងអំពីបទ ល្មើសអស់ទាំងនេះ ជាពិសេសស្រ្តីនិងកុមាររងគ្រោះ សូមកុំនៅស្ងៀមស្ងាត់និងលាក់ទុកបញ្ហាទាំងអស់នេះ។ ត្រូវបំបែកភាព ស្ងៀមស្ងាត់ ត្រូវស្វែងរកជំនួយ ការគាំទ្រនិងកិច្ចអន្តរាគមន៍ផ្សេងៗ តាមរយៈការរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចនៅ មូលដ្ឋានដែលនៅជិតបំផុត ឬមន្ទីរកិច្ចការនារីរាជធានី ខេត្តទាំង២៥។ 

ក្រសួងកិច្ចការនារី សូមជម្រាបថា ក្រសួងកិច្ចការនារី បាននិងកំពុងផ្តល់សេវាសាធារណៈតាមរយៈ ផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារីផងដែរ ជាពិសេស ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ១៩ ជាអាទី ការប្រឹក្សាយោបល់ផ្លូវច្បាប់ ការប្រឹក្សាយោបល់ផ្លូវចិត្ត ការសម្របសម្រួលនិងកិច្ចអន្តរាគមន៍ផ្សេងៗ ព្រមទាំងមាន ការផ្តល់មេធាវីការពារសិទ្ធិរបស់ស្ត្រីក្រីក្រដែលជាជនរងគ្រោះដោយអំពើហិង្សា ក្រោមកិច្ចសហការជាមួយ ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ចំណែកលោកឌួង ឆាយ បានតាមអង្វរភរិយាដើម្បីលុបវីដេអូនេះ ក្នុងនោះលោកឌួង ឆាយ ព្រមទាំងបាននិយាយថា «ខ្លួនសុខចិត្តប្រគល់ព្រទ្យសម្បត្តិទាំងអស់និងអំណាចមេបា ទៅឱ្យភរិយា ធ្វើយ៉ាងណាឱ្យលុបវីដេអូនោះចោល»។ 

តាមរយៈការ Live ពីម្សិលមិញ លោកឌួង ឆាយ បានបញ្ជាក់ថា ខ្លួនធ្វើកិច្ចសន្យានៅចំពោះមុខក្រឡាបញ្ជី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីឱ្យភរិយារបស់គាត់លុបវីដេអូឃ្លីបដ៏សាហាវនោះ។ ភរិយាគាត់ក៏បានឯកភាព ទើបគាត់យល់ព្រមប្រគល់ទ្រព្យសម្បត្តិទាំងអស់ និងអំណាចមេបាទៅឱ្យអតីតភរិយា។

ដោយសារតែអំពើនេះ វាបានបង្ហាញនូវភាពសាហាវឃោរឃៅ ទើបអតីតភរិយា មិនអាចលុបចោលបាន និងបង្ខំចិត្តបង្ហោះជាសាធារណៈ ស្វែងរកយុត្តិធម៌ ក្នុងប្រទេសរបស់ខ្លួន ដែលកំពុងគ្រប់គ្រងដោយច្បាប់៕

-->
adverise with khmeread