រុស្ស៊ីនិងអ៊ីរ៉ង់ពន្លះអង់គ្លេសយ៉ាងចាស់ដៃជុំវិញផែនការពង្រីកអាវុធនុយក្លេអ៊ែរ

កាលពីថ្ងៃពុធទី១៧មីនារុស្ស៊ីនិងអ៊ីរ៉ង់បានពន្លះអង់គ្លេសយ៉ាងចាស់ដៃ បន្ទាប់ពីខ្លួនបានប្រកាសផែនការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរពី ១៨០ គ្រាប់ឡើងដល់ ២៦០ គ្រាប់នៅចុងទសវត្សរ៍នេះ។

អ្នកនាំពាក្យរបស់ទីក្រុងមូស្គូបានចោទប្រកាន់ចក្រភពអង់គ្លេសថាធ្វើឱ្យអន្តរាយដល់ស្ថិរភាពអន្តរជាតិខណៈដែលមន្ត្រីក្រុងតេហេរ៉ង់បានស្តីបន្ទោសលោកបូរីស ចនសុនថា "លាក់ពុតដល់កម្រិតកំពូល"។

អង់គ្លេសកាលពីថ្ងៃអង្គារបានចេញផ្សាយឯកសារមួយដែលគូសបញ្ជាក់ពី "ការគណនាឡើងវិញ" នូវគោលនយោបាយការបរទេសរបស់ខ្លួនដែលរួមបញ្ចូលទាំងការប្រកាសបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ដែលផ្ទុយពីការប្តេជ្ញាចិត្តពីមុនក្នុងការកាត់បន្ថយឃ្លាំងរបស់ខ្លួន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov និយាយប្រាប់អ្នកយកព័ត៌មានថា "យើងមានការសោកស្តាយយ៉ាងខ្លាំងដែលចក្រភពអង់គ្លេសបានជ្រើសរើសផ្លូវនៃការបង្កើនក្បាលគ្រាប់នុយក្លេអ៊ែរ។ ការសម្រេចចិត្តនេះធ្វើឱ្យអន្តរាយដល់ស្ថិរភាពអន្តរជាតិនិងសន្តិសុខយុទ្ធសាស្ត្រ"។

លោកបានបន្ថែមថា "​វត្តមាននៃក្បាលគ្រាប់នុយក្លេអ៊ែរគឺជាអ្វីដែលគំរាមកំហែងដល់សន្តិភាពទូទាំងពិភពលោក"។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Javad Zarif បានសរសេរលើ Twitter ថា "ក្នុងការសម្តែងពុតដល់កម្រិតកំពូល បូរីស ចនសុន កំពុងបារម្ភអំពីអ៊ីរ៉ង់លួចផលិតអាវុធនុយក្លេអ៊ែរ។ ក្នុងថ្ងៃតែមួយ គាត់ប្រកាសថាប្រទេសគាត់នឹងបង្កើនឃ្លាំងនុយក្លេអ៊ែររបស់ខ្លួន។ ខុសពីចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្ត អ៊ីរ៉ង់ជឿថាអាវុធនុយក្លេអ៊ែរនិងមីស៊ីលឆ្លងទ្វីបគឺឃោរឃៅនិងត្រូវតែលុបបំបាត់ឱ្យបាន"៕

-->
adverise with khmeread