Demi Lovato ទ្រាំឈឺចាប់ជាង១០ឆ្នាំរឿងបុរសធ្វើការនៅទូរទស្សន៍មួយប្រព្រឹត្តអំពើស្មោកគ្រោកលើនាង តែរូបគេនៅតែអាចដើរហើរដោយសេរី

នាង Demi Lovato បាននិយាយថានាងត្រូវគេចាប់រំលោភតាំងពីនាងនៅវ័យជំទង់ពេលនាងធ្វើការឱ្យប៉ុស្តិ៍ទូរទស្សន៍ Disney ។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃពុធទី១៧មីនា។

តារាចម្រៀងអាយុ ២៨ ឆ្នាំរូបនេះបានលាតត្រដាងរឿងនេះនៅក្នុងភាពយន្តឯកសាររបស់នាងឈ្មោះថា "Demi Lovato: Dancing with the Devil" ដែលមនុស្សម្នាក់នោះមិនបានជួបផលវិបាកអ្វីឡើយបន្ទាប់ពីនាងបានទម្លាយរឿងនេះឱ្យគេដឹងឮកាលពីយូរណាស់មកហើយ។

តារាចម្រៀងរូបនេះមិនបាននិយាយថាជនល្មើសជានរណានោះទេ ដោយគ្រាន់តែនិយាយថា "នាងត្រូវជួបមុខមនុស្សនេះគ្រប់ពេល" បន្ទាប់ពីហេតុការណ៍នោះ។

វិទ្យុ Radio 1 Newsbeat បានទាក់ទងជាមួយប៉ុស្តិ៍ Disney ដើម្បីសុំការបំភ្លឺ តែគ្មានការឆ្លើយតបទេ។

ភាពយន្តឯកសារនេះត្រូវបានបញ្ចាំងនៅឯមហោស្រពភាពយន្ត South by Southwest ដែលផ្សាយតាមអនឡាញ។

យោងតាមអត្ថបទរបស់វេបសាយ Variety នាង Demi Lovato និយាយថា "រឿងរ៉ាវ MeToo របស់ខ្ញុំ គឺអំពីរូបខ្ញុំប្រាប់គ្រប់គ្នាថាមានមនុស្សធ្វើបែបនេះចំពោះខ្ញុំ ហើយគេមិនដែលមានបញ្ហាអ្វីនោះទេសម្រាប់អំពើបែបនេះ។ ខ្ញុំសុខចិត្តរក្សាភាពស្ងៀមស្ងាត់ព្រោះខ្ញុំតែងមានអ្វីចង់និយាយច្រើនណាស់ ហើយខ្ញុំធុញទ្រាន់នឹងបើកមាត់របស់ខ្ញុំ"៕

-->
adverise with khmeread