ឈ្លោះប្រកែកពាក្យសំដី ប្តីឆក់យកពូថៅកាប់ប្រពន្ធរបួសធ្ងន់ត្រូវប៉ូលិសឃាត់ខ្លួន

កំពង់ឆ្នាំង ៖ មានករណីប្រើហិង្សាក្នុងគ្រួសារប្តីទាញពូថៅកាប់ប្រពន្ធចេញឈាម ត្រូវបានប៉ូលិសឃាត់ខ្លួន នាថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១១ និង៤០នាទីកន្លងទៅ នៅចំណុច ភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ស សៅ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិត្រពាំងម្ទេស ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានឈ្លោះប្រកែកជាមួយប្រពន្ធហើយក៏បានទៅឆក់យកពូថៅ ផ្លែដែក​ដងឈើបានពីដៃប្រពន្ធឈ្មោះខាត់ រ៉េត អាយុ៥២ឆ្នាំ កាប់ទៅលើប្រពន្ធចំខ្នងដៃខាងឆ្វេងដាច់សាច់ហូរឈាម។ មួយសន្ទុះក្រោយមកជនរងគ្រោះជាប្រពន្ធក៏បានងងឹតមុខដួល​​នៅហ្នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានអ្នកភូមិដឹកយកទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញដើម្បីព្យាបាលបន្ត។ ចំណែកជនសង្ស័យត្រូវបានប៉ូលិសធ្វើការឃាត់ខ្លួនចាត់ការបន្តតាមនីតិវិធីនៃច្បាប់៕


 

-->
adverise with khmeread