ភ្លើងឆេះព្រៃ រាលដាលមកជិតដល់សាលារៀនមួយខ្នងនិងផ្ទះប្រជាពលរដ្ឋត្រូវបានកម្លាំងសាមគ្គីរួមគ្នាពន្លត់ទាន់ពេល

ត្បូងឃ្មុំ ៖ មានករណីភ្លើងឆេះព្រៃហើយឆេះរាលដាលមកជិតដល់សាលារៀនមួយខ្នងនិងផ្ទះប្រជាពលរដ្ឋកើតឡើងកាលពីវេលាម៉ោង ១២ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ត្រង់ចំណុចសាលា បឋមសិក្សាបទស្លាស្នាម ស្ថិតនៅភូមិបទស្លាស្នាម ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ហើយត្រូវបានកម្លាំងសាមគ្គីរួមគ្នាពន្លត់រាំងស្កាត់ទាន់ពេល។

ប៉ូលិសនិយាយថា ក្រោយទទួលបានព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សាំ ហេង អធិការប៉ូលិសស្រុកត្បូងឃ្មុំ បានដឹកនាំរថយន្តពន្លត់អគ្គីភ័យ៣គ្រឿងគឺរថយន្តស្រុកត្បូងឃ្មុំ ១គ្រឿង, ស្រុកអូរាំងឪចំនួន ១គ្រឿង និង ក្រុងសួង ចំនួន ០១គ្រឿង រួមជាមួយកម្លាំងប៉ូលិសស្រុកត្បូឃ្មុំ ស្រុកអូរាំងឪ ក្រុងសួង ប៉ូលិសប៉ុស្តិ៍រដ្ឋបាលពាមជីលាំងថ្មពេជ្រ និងអាជ្ញាធរមូលដ្ឋាន មេឃុំ មេភូមិ ប្រជាការពារ លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋនៅជិតខាង ជួយអន្តរាគមន៍ពន្លត់ទាន់ពេលវេលា មិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាង ដោយប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ទើបរលត់ជាស្ថាពរ។

លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការប៉ូលិសខេត្តត្បូងឃ្មុំ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការនានា សូមមេត្តាកាប់ឆ្ការព្រៃ វល្លិ៍ ឬសម្រាម ផ្សេងៗ ដែលដុះរុំព័ទ្ធក្បែររបងអគារ មណ្ឌល ឬឃ្លាំង ជាដើម ត្រូវសម្អាតឱ្យអស់ដើម្បីជៀសវាងការឆេះឆ្លងរាលដាល ដល់លំនៅដ្ឋានទាំងនោះ ជាពិសេសចំពោះអ្នកប្រើប្រាស់គ្រឿងចំហេះផ្សេងៗ ដែលអាចបង្កជា អគ្គិភ័យដោយសារការខ្វះសេចក្តីប្រុងប្រយ័ត្ន៕


 

-->
adverise with khmeread