ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីឆក់យកទូរស័ព្ទតាមដងផ្លូវត្រូវប៉ូលិសវ៉ៃខ្នោះ

បាត់ដំបង ៖ ជនសង្ស័យឆក់ទូរស័ព្ទដៃតាមដងផ្លូវ២​នាក់និងអ្នកទទួលផលចោរកម្មម្នាក់ត្រូវបានឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ កាលពីថ្ងៃទី​១៦​ ខែ​ មីនា​ ឆ្នាំ​ ២០២១​ វេលាម៉ោង​៦ និង២០​នាទីល្ងាច​ នៅ​ចំណុច​ភូមិ​រំចេក២​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​បាត់ដំបង​។

ប៉ូលិសនិយាយថា​ លោក​វរសេ​នីយ៍ឯក​ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរ​បាល​ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ​បានដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករ​ណី​ឆក់​ទូរ​សព្ទ័​ដៃ​មួយករណី​ ដោយ​បាន​នាំខ្លួន​ជនសង្ស័យ​២នាក់​ រួមជាមួយអ្នកទទួលផលចោរកម្មម្នាក់ មកសាកសួរ។

ប៉ូលិសបន្តថា ជនសង្ស័យ៣នាក់រួមមាន ១-ឈ្មោះ​ ធឿន​ ផាន់​ណេត​ ភេទប្រុស​ អាយុ​ ២១ ឆ្នាំ​ ​មានទីលំនៅ​ភូមិ​រំចេក២​ សង្កាត់​រតនៈ​ ក្រុងបាត់ ដំបង​ ខេត្ត​បាត់ដំបង​ជា​អ្នក​ធ្វើ​សកម្មភាពផ្ទាល់​, ២-ឈ្មោះ​ ធឿន​ វីរៈ​ ហៅ​ ផាន់​ណា​ ភេទប្រុស​ អាយុ​២៤​ឆ្នាំ​​មានទីលំនៅ​ភូមិ​រំចេក២​សង្កាត់ ​រត​នៈ​ក្រុងបាត់ដំបង​ខេត្ត​បាត់ដំបង​ ​ជា​សហចារី​ និង៣-ឈ្មោះ​ ធិញ​ រ៉ុន​ ហៅ​ ជាង​រុន​ ភេទប្រុស​អាយុ​ ៣៩​ ឆ្នាំ​មានទីលំនៅ​ភូមិ​១៣​មករា​ សង្កាត់​ព្រែក​ព្រះស្តេច​ ក្រុង​បាត់ដំបង​ ខេត្តបាត់ដំបង​ ជាអ្នក​ទទួលផលចោរកម្ម​។

វត្ថុតាង​ដកហូត​រួម​មាន​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៦​ ពាក់ស្លាកលេខ​បាត់ដំបង​ 1AC 0173 ជាមធ្យោបាយជិះធ្វើសកម្មភាពនិងទូរស័ព្ទដៃចំនួនមួយគ្រឿង​ ម៉ាក ​Iphone 8plus  ពណ៌​ប្រផេះ​​ជារបស់​ជនរងគ្រោះ​។ 

ប៉ូលិសបន្តទៀត កាលពី​ថ្ងៃទី​១១​ ខែ​ មីនា​ ឆ្នាំ​ ២០​២១​ ខណៈជនរងគ្រោះ​​ឈ្មោះ ​នូ​ ចន្ទ័រស្មី ​ភេទស្រី​​ អាយុ​២៩​ ឆ្នាំ​ មាន​មានទីលំនៅ​ភូមិ​ព្រែក​ខ្ពប​ ឃុំ​ព្រែកខ្ពប​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ដែល​កំពុង​ជិះ​ម៉ូតូ​តាមដងផ្លូវនៅ​ចំណុច​មុខ​វត្ត​បាឡាត់​ ស្ថិត​នៅ​ក្នុង​ភូមិ​នរា២​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់​ដំ​បង ស្រាប់តែ​ជនសង្ស័យ​ខាងលើ​បាន​ធ្វើសកម្មភាព​ឆក់​ទូរ​ស័ព្ទ​ដៃ​របស់គាត់០១​គ្រឿង​ម៉ាក ​Iphone 8plus ពណ៌​ប្រផេះ រួចជិះម៉ូតូគេចខ្លួនបាត់ទៅ។ 

ក្រោយកើតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ហើយឆ្លង​តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចទើបកំណត់​បានពីមុខសញ្ញានេះរហូតឈានដល់ការឃាត់​ខ្លួនបានទាំងអ្នកប្រព្រឹត្តរួមទាំងអ្នកទទួលទិញទូរ​ស័ព្ទដែលជាផលនៃអំពើចោរកម្មនោះផង។ ​

បច្ចុប្បន្ន​ប៉ូលិសការិយាល័យ​ជំនាញ​បាន​ប្រគល់​ទូរស័ព្ទដៃ​ជូនទៅ​ជនរងគ្រោះ​វិញ​, ចំពោះជនសង្ស័យនិងអ្នកទទួលផលចោរកម្មបានកសាងសំណុំរឿង​​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាមច្បាប់៕

-->
adverise with khmeread