សម្តេចប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រិត្យបញ្ចប់គោរម្យងារ «ឧកញ៉ា» ពីលោក ឌួង ឆាយ

ភ្នំពេញ ៖ ​សម្តេចប្រមុខរដ្ឋស្តីទី នាថ្ងៃទី១៨ មីនា ឆ្នាំ២០២១ បានចេញព្រះរាជក្រិត្យបញ្ចប់គោរម្យងារ «ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ បន្ទាប់ពីមានរឿងអាស្រូវ ពាក់ព័ន្ធករណីប្រើប្រាស់អំពើហិង្សាលើអតីតភរិយារបស់លោក គឺលោកស្រី ដេត ម៉ាលីណា កាលពីពេលថ្មីៗនេះ។

យោងតាមព្រះរាជក្រឹត្យដែល «គេហទំព័រខ្មែររីដ» ទទួលបាននាថ្ងៃទី១៨ខែមីនាឆ្នាំ២០២១នេះ បានបញ្ជាក់ថា «យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា» សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញ «ព្រះរាជក្រិត្យ» លេខ ទស/រកត/០៣២១/២៥៤ ចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ បញ្ចប់គោរម្យងារ «ឧកញ៉ា» ពីឧកញ៉ា ឌួង ឆាយ។

គួរបញ្ជាក់ថា នៅថ្ងៃទី១៥​ ខែមីនា ឆ្នាំ២០២១ លោកស្រី ដេត ម៉ាលីណា អតីតភរិយាលោកឌួង ឆាយ បានបង្ហោះវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅលើបណ្តាញសង្គម Facebook ស្តីពីសកម្មភាពប្រើប្រាស់អំពើហិង្សារបស់លោកឧកញ៉ា ឌួង ឆាយ ទៅលើរូបខ្លួនភ្ជាប់ទៅនឹងចំណងជើងដោយបង្ហាញការឈឺចាប់ ទាំងផ្លូវកាយ និង ផ្លូវចិត្ត។

លោកស្រីបានលើកឡើងថា «រយៈពេល១៣ឆ្នាំកន្លងមកនេះ គឺវាឆ្អែតគ្រប់គ្រាន់សម្រាប់រូបនាងខ្ញុំណាស់ពេកទៅហើយ ទាំងការប្រមាថ មាក់ងាយ ជេរស្តីរួមទាំងអំពើហិង្សា នៅក្នុងគ្រួសារ រហូតមានដល់យកកាំភ្លើង មកគម្រាមសម្លាប់ទៀតផង។ល។»។
  
តាមរយៈវីដេអូ និងចំណងជើងនេះ បានធ្វើឱ្យមហាជនមានការអាណិតអាសូរយ៉ាងខ្លាំង លើលោកស្រីដេត ម៉ាលីណា និងបង្ហាញការរិះគន់យ៉ាងចាស់ដៃលើរូបលោកឧកញ៉ា ឌួង ឆាយ ចំពោះការប្រើប្រាស់អំពើហិង្សាខាងលើនេះ។

សូមបញ្ជាក់ដែរថា ករណីនេះក៏មានការដឹងឮដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ ​តាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនរបស់សម្តេច, សម្តេចបានបញ្ចេញមតិនៅលើវីដេអូនោះថា «ហេតុអ្វីឌួង ឆាយ ឃោឃៅដល់កម្រិតនេះ?»។

ចំណែកក្រសួងកិច្ចការនារី នៅថ្ងៃទី១៧ មីនា ឆ្នាំ២០២១ ក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងលើលោកស្រី ដេត ម៉ាលីណា ដែលបានបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុកកាលពីយប់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២១ ហើយអំពើហិង្សាគ្រប់ទម្រង់និងគ្រប់រូបភាពណាក៏ដោយជាអំពើដែលមិនអាចទទួលយកបាននិងមិនអាចអត់ឱនបានទេ ហើយជនរងគ្រោះកូននិងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គមហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

សេចក្តីថ្លែងការណ៍ក៏បានបញ្ជាក់នៅចុងបញ្ចប់ថា ក្រសួងកិច្ចការនារីសូមលើកទឹកចិត្តនិងអំពាវនាវឱ្យប្ដីប្រពន្ធដៃគូស្និទ្ធស្នាល និងសមាជិកគ្រួសារទាំងអស់ត្រូវដោះស្រាយបញ្ហាតាមបែបសន្ទនា និងសូមស្វែងរកវិធីដោះស្រាយបញ្ហាទាំងឡាយដោយប្រើប្រាស់វប្បធម៌អហិង្សា ដើម្បីធានាលើកកម្ពស់សុខដុមរមនាក្នុងគ្រួសារក៏ដូចជាក្នុងសង្គមជាតិ។

ចំណែកលោកជំទាវ ម៉ាន ចិន្តា ​រដ្ឋលេខាធិការ ទទួលបន្ទុកព័ត៌មាននិងក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ដ្រី នៃក្រសួងកិច្ចការនារី បានលើកឡើង កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ថា «បន្ទាប់ពីបានមើលវីដេអូនេះ យើងមានការអាណិតអាសូរដល់ជនរងគ្រោះ ហើយក៏មានការភ្ញាក់ផ្អើល, យើងកំពុងធ្វើការជាមួយក្រសួងពាក់ព័ន្ធលើករណីនេះ»៕

-->
adverise with khmeread