កម្មករបូមខ្សាច់ម្នាក់រងគ្រោះឆក់ខ្សែភ្លើង ហើយធ្លាក់ទឹករណ្តៅបូមដីខ្សាច់រហូតដល់ស្លាប់នៅស្រុកកៀនស្វាយ

កណ្តាល ៖ កម្មករបូមខ្សាច់ម្នាក់រងគ្រោះឆក់ខ្សែភ្លើង ហើយធ្លាក់ទឹករណ្តៅបូមដីខ្សាច់រហូតដល់ស្លាប់ បង្កការភ្ញាក់ផ្អើល នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៧ និង១០នាទីព្រឹកនេះ នៅចំណុចរណ្តៅបូមដីខ្សច់ ស្ថិតភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ហំ សេងលី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករបូមខ្សាច់ មានស្រុកកំណើតនៅភូមិបឹង ឃុំរការ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅទីលំនៅភូមិឃុំកើតហេតុ។

តាមការបំភ្លឺរបស់ឈ្មោះ ហំ រតនា ភេទប្រុស អាយុ១៨ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា  ដំបូងជនរងគ្រោះរួមជាមួយខ្លួន និងឈ្មោះ សុខ គ្រី ភេទប្រុស អាយុ២៥ឆ្នាំ ដែលជាកម្មករបូមខ្សាច់ជាមួយគ្នា នៅមុនពេលកើតហេតុបាននាំគ្នាចុះទៅបញ្ឆេះម៉ាស៊ីនបូមខ្សាច់ដូចរាល់ថ្ងៃដោយឈ្មោះ សុខ គ្រី បានដើរទៅមុនដល់ម៉ាស៊ីនបូមខ្សាច់មុន រួចបញ្ឆេះម៉ាស៊ីនបានប្រហែល១០នាទី។

ពេលនោះខ្លួននិងជនរងគ្រោះ ចាំទម្លាក់ប្រេងម៉ាស៊ូតតាមខ្សែទៅតាមក្រោយ, មួយសន្ទុះក្រោយមកជនរងគ្រោះ បានដើរទៅរកកន្លែងម៉ាស៊ីនបូមខ្សាច់ដែល ស្រាប់តែដើរដល់ពាក់កណ្តាល (ដើរតាមទុយោ) ក៏បានប៉ះជាមួយជាមួយខ្សែភ្លើងឆក់ ហើយស្រែកឱ្យគេជួយហើយក៏ធ្លាក់ចូលទឹកបាត់។ភ្លាមនោះឈ្មោះហំ រតនា ភេទប្រុស បានរត់ទៅបិទភ្លើង ហើយនាំគ្នាចុះទឹករាវរក ជនរងគ្រោះដែលតែរកមិនឃើញ ដោយសារទឹកមានជម្រៅជ្រៅពេក។ លុះដល់ម៉ោង៩និង១០ថ្ងៃខែឆ្នាំដដែល ទើបរកឃើញសពជនរងគ្រោះ។

ក្រោយទទួលបានព័ត៌មាន ប៉ូលិសប៉ុស្តិ៍ឈើទាល បានចុះដល់កន្លែងកើតហេតុដោយសហការជាមួយកម្លាំងប៉ូលិសជំនាញកោសល្យវិច័យស្រុកកៀនស្វាយ គ្រូពេទ្យមណ្ឌលសុខភាពឃុំឈើទាល ក្រុមប្រឹក្សាឃុំ មេភូមិ ធ្វើការពិនិត្យលើសពជនគ្រោះ។

បន្ទាប់ពីក្រុមការងារពិនិត្យរួចឃើញថា «ជនរងគ្រោះពិតជាស្លាប់ដោយសារ ឆក់ចន្តអគ្គីសនី រួចធ្លាក់ចូលទឹកបណ្តាលឱ្យស្លាប់ ពិតប្រាកដមែន មិនមានស្លាកស្នាម ពាក់ព័ន្ធជាមួយបទល្មើសផ្សេងឡើយ»។

សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកធ្វើបុណ្យតាមប្រពៃណីរួចហើយ៕

-->
adverise with khmeread