1

ល្បែង​ចោះ​ប្រមាត់

​    ​ល្បែង​ចោះ​ប្រមាត់ ជា​ល្បែង​ដែលមាន​តែ​នៅ​ភូមិ​កំពង់​ភ្លុក​, ភូមិ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម និង ស្រក​ជីក្រែង ខេត្តសៀមរាប ជា​ភូមិ​នៅ​មាត់​ទន្លេសាប​។ អ្នកស្រុក​ទាំងនេះ​គេ​តែង​លេងល្បែង​នេះ​ប្លែក​ពី​ស្រុក​ឯទៀត​។​

​    ​ល្បែង​នេះ គេ​លេង​ក្នុង​រដូវវស្សា តាំងពី​ពេល​ដាក់​បិណ្ឌ​ទៅ​ទល់នឹង​ថ្ងៃ​ចេញ​វស្សា គឺ​ពី​ថ្ងៃទី ១ រោច ខែ​ភ​ទ្ទ​បទ ទៅ​ទល់នឹង​ថ្ងៃ ១៥ កើត ខែកត្តិក រៀងរាល់ឆ្នាំ​។​

​    ​របៀប​លេង មាន​ទូក​ពីរ​, ១ សម្រាប់​ដេញ សុទ្ធតែ​ប្រុស​, ១ សម្រាប់​រត់ សុទ្ធតែ​ស្រី ទំហំ​និង​ចំណុះ​ទូក​ប្រហែល​គ្នា ហើយ​ចំណុះ​មាន​កម្រិត​ត្រឹម ៤ នាក់ ទៅ ១០ នាក់​យ៉ាងច្រើន​។ បើ​មាន​អ្នកលេង​ច្រើន គេ​ផ្គូ​ទូក​ជា​គូៗ គឺ​ទូក​ប្រុស ១ ស្រី ១ ជាមួយ​គូ​។​

​    ​សកម្មភាព​របស់​អ្នកលេង ដូច​ក្នុង​រូបភាព​ខាងមុខនេះ​៖

​    ​គេ​ល្បែង​នេះ​គេ​លេង​ក្នុង​ទី​ដែលមាន​ទឹក​រាក់ៗ ជម្រៅ​ត្រឹម​ក ឬ​លិច​ក្បាល​។ ពេល​ផ្ដើម​លេង អ្នកលេង​ទាំងពីរ​ពួក គេ​ចុះទូក​ពេញៗ ចំណុះ​តែ​រៀងខ្លួន ហើយ​ទូក​ខាង​ប្រុស​ធ្វើជា​អុំ​លេងៗ ទៅរក​ទូក​ខាង​ស្រី​ដែលជា​គូ​នឹង​ទូក​ខ្លួន លុះ​ខាង​ប្រុស​អុំ​លេងៗ ទៅជិត​ទូក​ខាង​ស្រី ប្រុសៗ ស្រែក​សួរថា "​ចោះ​ប្រមាត់​" ស្រីៗ​ជួនកាល​ឆ្លើយថា "​ចោះ​ក៏​ចោះ​" ជួនកាល​ឆ្លើយថា "​ទេ​" ជួនកាល​ឥត​ឆ្លើយតប​។ ឯខាង​ប្រុស​បានឮ​ពាក្យ​ថា ព្រម​ក្ដី មិន​ព្រម​ក្ដី ឬ​ស្ងៀម​ក្ដី ក៏​ស្រែក​ព្រម​គ្នា​ថា "​ដេញៗ​" ឮ​តែប៉ុណ្ណោះ ខាង​ស្រី​ក៏​អុំទូក​រត់ ខាង​ប្រុស​ក៏​ខំ​អុំ​តាម​។ ការដេញ​តាម​នោះ ជួនកាល​ក៏​ទាន់ ជួនកាល​ក៏​ទេ ស្រេច​លើ​កម្លាំង​រៀងខ្លួន បើ​ខាង​ប្រុស​ដេញទាន់ ក៏​លោ​តទៅ​តោង​ទាញ​ទូក​ខាង​ស្រី​ឲ្យ​លិច​ហែល​ព្រាតព្រោង​។ ពេលនោះ​ខាង​ស្រីៗ ឥតមាន​ប្រកាន់ខ្លួន​ឡើយ គេ​ចេះតែ​ប្រឡែង​ប្រឡូក​គ្នា​ក្នុង​ទឹក ប្រុសៗ ដេញ​ញៀច​ស្រីៗ ត្រាតែ​អស់ចិត្ត​អស់​ថ្លើម ហត់​រៀងខ្លួន ទើប​គេ​នាំគ្នា​ស្ដារទូក​ឡើង ហើយ​គេ​នាំគ្នា​អុំ​លេង​តទៅទៀត​សារជាថ្មី​។ កាល​ដេញទាន់​គេ​ពន្លិច គេ​ញៀច​គ្នា​ជាថ្មីទៀត​។ បើ​លេង​ពេលព្រឹក​ត្រាតែ​ដល់ពេល​បាយ បើ​លេង​ពេលយប់​ត្រាតែ​ពាក់កណ្ដាល​អា​ធ្រា​ត្រ ទើប​ខាង​ប្រុស គេ​បើក​ឲ្យ​ខាង​ស្រី​ទៅផ្ទះ​រៀងខ្លួន​។​

​    ​ល្បែង​នេះ ជា​ទំនៀម​របស់​អ្នកស្រុក ដូច​មានឈ្មោះ​ខាងលើ គេ​លេង​ដោយស្មោះ​ត្រង់ ឥតមាន​ប្រកាន់​ថា​ខុសត្រូវ​អ្វី​ឡើយ គិតតែ​ពី​នាំគ្នា​រីករាយ សប្បាយ​ជា​កំសាន្ត​ម្យ៉ាង​ប៉ុណ្ណោះ​។ ល្បែង​នេះ​រាប់​ចូលក្នុង​កីឡា​ហាត់ប្រាណ ហាត់​កម្លាំង​ឲ្យ​រាងកាយ​ឡើងសាច់​ដុំ​មាន​សុខ​ភាពល្អ ប្រហាក់ប្រហែលគ្នា​នឹង​កីឡាហែលទឹក​សព្វថ្ងៃ​នេះដែ​រ​៕​

ប្រភព៖ ល្បែងប្រជាប្រិយខ្មែរ

មតិយោបល់