វិមានក្រឹមឡាំងទាមទារការសុំទោស ក្រោយប្រធានាធិបតីបាយដិនហៅពូទីនថា "ឃាតករ"

លោកវ្ល៉ាឌីមៀរ ពូទីនបានជូនពរដល់លោក ចូ បាយដិនមានសុខភាពល្អកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះបានហៅគាត់ថាឃាតករ ដែលនេះត្រូវបានប្រជាជនរុស្ស៊ីចាត់ទុកជាការប្រមាថនិងបានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ។

ប្រធានាធិបតីរុស្ស៊ីបានធ្វើការជូនពរបែបឌឺដងនេះនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍រដ្ឋ។ ក្រុមមន្រ្តីលោកខាងលិចបានចោទប្រកាន់លោកពូទីនថាបានបញ្ជាឱ្យធ្វើឃាតអ្នករិះគន់លេចធ្លោបំផុតក្នុងស្រុកគឺលោក អាឡិចសី ណាវ៉ាល់នី ដែលលោកពូទីនបដិសេធមិនបានបញ្ជាទេ។

លោកពូទីនបានឆ្លើយតបវិញយ៉ាងខ្លាំងចំពោះការចោទប្រកាន់អំពី "ឃាតករ" របស់លោកបាយដិន ដោយនិយាយថា "ទាល់តែឃាតករដូចគ្នាទើបស្គាល់គ្នា"។

ប្រធានាធិបតីរុស្ស៊ីបាននិយាយអំពីលោកបាយដិនថា "ខ្ញុំចង់និយាយទៅកាន់គាត់ថា ខ្ញុំសូមជូនពរឱ្យលោកមានសុខភាពល្អ។ ខ្ញុំនិយាយចឹងមិនមែនឌឺដងឬកំប្លែងលេងទេ"។

ការអត្ថាធិប្បាយរបស់លោកពូទីនធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកបានពណ៌នាលោកពូទីនថាមនុស្ស "គ្មានបេះដូង" និងជា "ឃាតករ" ក្នុងអំឡុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC News។

រុស្ស៊ីទាមទារការសុំទោសពីសហរដ្ឋអាមេរិកចំពោះពាក្យប្រមាថនេះ។ ការអត្ថាធិប្បាយបង្ករឿងនេះបានជំរុញឱ្យវិមានក្រឹមឡាំងធ្វើសកម្មភាពមិនធម្មតាមួយកាលពីថ្ងៃពុធដើម្បីកោះហៅឯកអគ្គរដ្ឋទូតលោក Anatoly Antonov ប្រចាំនៅសហរដ្ឋអាមេរិកត្រឡប់មកស្រុកវិញដើម្បីពិគ្រោះយោបល់ជាបន្ទាន់ស្តីពីអនាគតនៃទំនាក់ទំនងអាមេរិក-រុស្ស៊ី។

អ្នកនាំពាក្យរបស់លោកពូទីនគឺលោក Dmitry Peskov និយាយថា វាជា "សេចក្តីថ្លែងការណ៍អាក្រក់បំផុតដោយប្រធានាធិបតីអាមេរិក" ដែលសបញ្ជាក់យ៉ាងច្បាស់ថា "គាត់មិនចង់ធ្វើឱ្យទំនាក់ទំនងមានប្រក្រតីភាពឡើងវិញទេ"។

លោក Peskov បានប្រាប់ក្រុមអ្នកយកព័ត៌មានតាមរយៈវីដេអូសន្និសីទកាលពីថ្ងៃព្រហស្បតិ៍ថា "គាត់ច្បាស់ណាស់មិនចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសយើងទេ ហើយយើងនឹងបន្តដំណើរការដោយផ្អែកលើមូលដ្ឋាននេះ។ មិនដែលមានរឿងបែបហ្នឹងក្នុងប្រវត្តិសាស្ត្រទេ"៕ 

-->
adverise with khmeread