ថៃត្រៀមខ្លួនសម្រាប់ជំនន់ជនភៀសខ្លួន ខណៈមនុស្សរាប់រយនាក់រត់គេចពីរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ាសម្រុកមកតំបន់ព្រំដែន

មន្ត្រីម្នាក់មកពីក្រុមជនជាតិភាគតិចមួយបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨មីនាថា មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីទីប្រជុំជននិងទីក្រុងនានារបស់មីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារយោធាកាលពីខែមុននិងកំពុងជ្រកកោននៅក្នុងតំបន់គ្រប់គ្រងដោយកងជីវពលជនជាតិភាគតិចនៅតាមព្រំដែនថៃ ខណៈថៃត្រៀមខ្លួនសម្រាប់ជំនន់ជនភៀសខ្លួន។

មន្ត្រីមកពីសហភាពជាតិការ៉ែន (KNU) ដែលបានប្រយុទ្ធជាមួយកងទ័ពមីយ៉ាន់ម៉ាអស់ជាច្រើនទសវត្សរ៍ បាននិយាយថា មនុស្សជិតមួយពាន់នាក់បានជ្រកកោននៅខាងក្នុងដែនដីដែលគ្រប់គ្រងដោយ KNU ។

យោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយដែលជាអង្គការសិទិ្ធស៊ីវិលមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ាបានឱ្យដឹងថា កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២១៧ នាក់នៅក្នុងការបង្ក្រាបលើអ្នកដែលប្រឆាំងនឹងរដ្ឋប្រហារ។

លោក Padoh Saw Taw Nee ប្រធានផ្នែកកិច្ចការបរទេសរបស់ KNU បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា "មនុស្សរាប់រយនាក់ឥឡូវនេះស្ថិតនៅក្នុងតំបន់របស់យើង។ អ្នកខ្លះជាមេដឹកនាំកូដកម្ម អ្នកខ្លះពាក់ព័ន្ធនឹង CDM (យុទ្ធនាការមិនគោរពច្បាប់រដ្ឋ) បុគ្គលិករដ្ឋាភិបាល…អ្នករត់ចោលជួរប៉ូលិសនិងយោធា ហើយបន្ទាប់មកសមាជិកសភា និងគ្រូពេទ្យមួយចំនួន"។

លោកនិយាយថា មនុស្សមួយចំនួនតូចក៏សុំជ្រកកោននៅចុងភាគខាងជើងនៅជាប់ព្រំដែនរដ្ឋសាន ក្នុងតំបន់គ្រប់គ្រងដោយកងជីវពលជនជាតិភាគតិចមួយផ្សេងទៀតដែរ។ 

អាជ្ញាធរថៃកំពុងត្រៀមសម្រាប់ជំនន់ជនភៀសខ្លួន និង កំណត់តំបន់ដាច់ដោយឡែកដើម្បីទទួលមនុស្សជាង ៤៣.០០០ នាក់ក្នុងស្រុកមែសុត នេះយោងតាមផែនការមួយ ដែលមើលឃើញដោយទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។ 

វរសេនីយ៍ឯកកងទ័ពថៃលោក Prasan Henprasert និយាយថា ការល្បាតព្រំដែនត្រូវបានបង្កើន។ 

លោកនិយាយថា "ប្រសិនបើមានការប៉ះទង្គិច ចឹងយើងត្រូវតែវាយតម្លៃស្ថានការណ៍ និង ត្រៀមលក្ខណៈជាស្រេចតាមតំបន់"៕

-->
adverise with khmeread