ប៉ូលិសឥណ្ឌូនេស៊ីដែលគេប្រកាសស្លាប់ក្នុងគ្រោះស៊ូណាមីឆ្នាំ២០០៤ ត្រូវបានគ្រួសាររកឃើញនៅពេទ្យឆ្កួត

មន្រ្តីប៉ូលិសម្នាក់ ដែលត្រូវបានប្រកាសថាស្លាប់បន្ទាប់ពីរលកយក្សស៊ូណាមីនៅឥណ្ឌូណេស៊ីឆ្នាំ ២០០៤ ត្រូវបានរកឃើញនៅរស់រានមានជីវិតបន្ទាប់ពីមានបញ្ហាផ្លូវចិត្តក្នុងពេលឃើញសោកនាដកម្មស្រស់ៗនៅនឹងភ្នែក ហើយបានបញ្ចប់ទៅនៅក្នុងមន្ទីរពេទ្យវិកលចរិតអស់រយៈពេល ១៦ ឆ្នាំ។

គ្រួសាររបស់គាត់បាននិយាយថា លោក Abrip Asep បានកំពុងបំពេញភារកិច្ចនៅពេលដែលរលកយក្សស៊ូណាមីនៅមហាសមុទ្រឥណ្ឌាបានវាយប្រហារប្រទេសឥណ្ឌូនេស៊ីនៅថ្ងៃ Boxing Day (២៦ធ្នូ) ឆ្នាំ ២០០៤។

សាច់ញាតិរបស់គាត់មានការខូចចិត្តជាខ្លាំង បន្ទាប់ពីពួកគេជឿថា គាត់បានស្ថិតក្នុងចំណោមមនុស្សជាង ២៣០.០០០ នាក់ដែលស្លាប់នៅពេលរលកកម្ពស់ ៣០ ម៉ែត្របោកបក់លើអាស៊ីអាគ្នេយ៍។

ប៉ុន្តែដោយសារសំណាងពីបុព្វេ Asep ត្រូវបានរកឃើញនិងជួបជុំជាមួយគ្រួសាររបស់គាត់វិញបន្ទាប់ពីបែកគ្នាជិតពីរទសវត្សរ៍ នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៨មីនា។

Asep ត្រូវបានរកឃើញនៅក្នុងមន្ទីរពេទ្យវិកលចរិតក្នុងខេត្ត Aceh ប្រទេសឥណ្ឌូនេស៊ីបន្ទាប់ពីទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្ត ដោយសារតែក្តីរន្ធត់ដែលគាត់បានឃើញក្នុងអំឡុងពេលរលកយក្សស៊ូណាមីវាយប្រហារ។

គាត់ត្រូវបានរាយការណ៍ថាបាត់ខ្លួនដោយក្រុមគ្រួសាររបស់គាត់បន្ទាប់ពីគ្រោះមហន្តរាយធម្មជាតិវាយប្រហារទៅលើខេត្ត Aceh ភាគខាងលិចប្រទេសឥណ្ឌូនេស៊ីហើយក្រោយមកត្រូវបានប្រកាសថាស្លាប់។

ប៉ុន្តែសាច់ញាតិរបស់គាត់បាននិយាយថាពួកគេបានរកឃើញដ៏ភ្ញាក់ផ្អើលថា Asep នៅមានជីវិតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីរូបថតរបស់គាត់ត្រូវបានចែកចាយនៅលើគ្រុបឆាតរបស់គ្រួសារគាត់នៅលើបណ្តាញសង្គម។

សាច់ញាតិម្នាក់បាននិយាយថា "ខ្ញុំសឹងមិនជឿទេ បាត់ដំណឹង ១៧ ឆ្នាំ ហើយយើងនឹកស្មានថាគាត់ស្លាប់ហើយ យើងមិនបានដឹងថាគាត់នៅរស់សោះ"។

ប៉ូលិសក្នុងមូលដ្ឋានបញ្ជាក់ថា បុរសដែលរកឃើញនៅពេទ្យឆ្កួតនេះពិតជា Asep ដែលបាត់ខ្លួន និងក្រោយមកត្រូវបានប្រកាសស្លាប់។ 

អ្នកនាំពាក្យប៉ូលិសតំបន់ Aceh និយាយថា "ទោះបីគាត់ជួបបញ្ហាជំងឺផ្លូវចិត្តដោយសារស៊ូណាមីក៏ពិតមែន ប៉ុន្តែគ្រួសារគាត់ពិតជាអរគុណណាស់ដែលរកឃើញគាត់នៅរស់"៕

-->
adverise with khmeread