ស្រវឹងបើករថយន្តកាមរី (ឆ្លាម) រេចង្កូតចូលមកបុករថយន្តដឹកសំណាញ់ដែករងរបួស

ស្វាយរៀង ៖ បុរសម្នាក់រងរបួស ​ខណៈស្រវឹងស្រាឡើងជោកបើកបររថយន្តកាមរី (ឆ្លាម) រេចង្កូតទៅបុករថយន្ត Hyundai ដឹកសំណាញ់ដែកបណ្តាលឱ្យខូចខាតរថយន្តយ៉ាងដំណំ បានកើតឡើងនៅវេលាម៉ោង៦ និង០៥នាទីព្រលប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣១៧ ស្ថិតក្នុងភូមិអង្រ្គង ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានរថយន្តមួយគ្រឿង ម៉ាកកាមរី(ឆ្លាម) ពណ៌ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2Q-3427 បើកបរដោយបុរសម្នាក់ឈ្មោះ សេក ណារ៉ូ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែររស់នៅភូមិ ចំបក់កោង ឃុំចក ស្រុករំដួល ខេត្តស្វាយរៀង ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង។

លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុកត្រូវចំហៀងរថយន្តម៉ាក HYUNDAI ពណ៌សស្លាកលេខ ស្វាយរៀង 3D-2365 ដឹកសំណាញ់ដែកដែលធ្វើដំណើរពីត្បូងទៅខាងជើងបញ្ច្រាសទិសគ្នាបណ្តាលឱ្យរថយន្តកាមរី (ឆ្លាម) ខូចខាតធ្ងន់ម្ចាស់តែរងរបួសស្រាល, ចំណែករថយន្តដឹកទំនិញខូចខាតស្រាល។


ចំពោះមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលស្វាយរំពារដើម្បីរង់ចាំដោះស្រាយគ្នាពេលក្រោយ។ មូលហេតុអ្នកបើកបររថយន្តកាមរី (ឆ្លាម) រេចង្កូតចូលមកបុករថយន្តដឹកទំនិញក្នុងស្ថានភាពស្រវឹង៕

-->
adverise with khmeread